(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសដាក់ចេញ កម្មវិធី «ប្រឡងប្រណាំង ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ» (Food Street) សម្រាប់ខេត្តកំពតហើយនោះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានប្រកាសអំពីគម្រោងបង្កើតកម្មវិធីនេះ សម្រាប់ខេត្តកែបវិញម្តង។

ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឱ្យ និស្សិតឆ្នាំទី៣ ទី៤ និងទី៥ ឬបញ្ចប់ការសិក្សារួចហើយក្តី ដែលមានជំនាញស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ព័ន្ធ ចូលរួមជំរុញការអនុវត្តស្តង់ដារ «សេវាកម្មតូបលក់ម្ហូបអាហារ» (Street Food) ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

កម្មវិធី «ប្រឡងប្រណាំង ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ» (Food Street) នៅខេត្តកែប រៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ម និងអនាម័យសុវត្ថិភាពម្ហូបអាហារតាមដងផ្លូវក៏ដូចជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាអំពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណីរបស់ប្រជាជននៅតាមតំបន់ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបាននូវមុខរបរទទួលទានពីវិស័យទេសចរណ៍។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយភ្ជាប់លក្ខខណ្ឌនៃការប្រឡង និងពាក្យស្នើសុំចូលរួម «ប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ» (Food Street)។ ទីតាំងសម្រាប់ការរៀបចំ «វិថីលក់ម្ហូបអាហារ» (Food Street) ក្នុងកម្មវិធីប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មរបស់ «វិថីលក់ម្ហូបអាហារ ខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប មានទទឹង ១៤ ម៉ែត្រការ៉េ បណ្តោយ ១១៧ ម៉ែត្រការ៉េ មានព្រំប្រទល់ខាងជើងទល់នឹងផ្លូវ ៣៣ ខាងត្បូងទល់នឹងរូបសំណាក់ត្រីដូហ្វីនខាងកើតទល់នឹងលោក តេង កួយ និងខាងលិចទល់នឹងសួនលោកយាយ ម៉ៅ និងមានឈ្មោះថា «វិថីដូហ្វីន លក់ម្ហូបអាហារ»៕

ខាងក្រោមនេះសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖