(ភ្នំពេញ)៖ អ្នករកស៊ីល្បីឈ្មោះរបស់កម្ពុជា២រូប ក្នុងវិស័យអចលទ្រព្យបានមើលឃើញស្រដៀងគ្នា នូវឥទ្ធិពលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណ ចំពោះល្បែងភ្នាល់តាមអនឡាញទាំងក្នុង និងក្រៅប្រទេសថា អាចប៉ះពាល់ចំពោះវិស័យអចលទ្រព្យរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្ដែជាការសម្រេចចិត្ដដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ដារស្ថានភាពនៅខេត្តព្រះសីហនុឲ្យប្រសើរឡើងវិញ។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយ បានបញ្ជាក់ថា ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ត្រូវរាជរដ្ឋាភិបាលបានសិក្សា និងអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណឲ្យតាំងពីឆ្នាំ២០១៦ ដោយទាក់ទាញបានការចូល មកវិនិយោគរបស់ជនបទេស ពិសេសជនជាតិចិន។

លោកឧកញ៉ាបញ្ជាក់ទៀតថា ដោយសារតែឥទ្ធិពល ផលអវិជ្ជមាននៃល្បែងភ្នាល់តាមអនឡាយ ដែលកម្ពុជាទទួលបានបទពិសោធន៍ជាង៣ឆ្នាំនេះ ទើបនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស។

លោកបញ្ជាក់ថា យើងមើលឃើញពីឥទ្ធិពល នៃល្បែងភ្នាល់តាមអនឡាយនេះមានផលអវិជ្ជមានច្រើន ដូចជាការចាប់ជំរិតតាមប្រព័ន្ធ Internet, ការលួចបើកល្បែង Online ដោយល្មើសច្បាប់ ហើយខ្លះប្រើប្រាស់រូបភាពល្បែងភ្នាល់តាមអនឡាយ នេះជាការលាងសំអាតប្រាក់ផងដែរ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល បានឃើញពីឥទ្ធិពលអាក្រក់នៃ ល្បែងភ្នាល់តាមអនឡាយនេះចំពោះសង្គមកម្ពុជា ខណៈដែលការប្រមូលពន្ធពីអាជីវកម្មនេះបានចំនួនតិចតួច។

លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ថា «យើងគិតថា Game Online នេះទាក់ទាញការវិនិយោគ ប៉ុន្តែផលប្រយោជន៍ និងការផ្តល់ការងារពុំបានផ្តល់ដល់ប្រជាជនកម្ពុជានោះទេ គឺអ្នកបម្រើការងារសុទ្ធតែមកពីបរទេស។ ជាក់ស្តែងកំពង់សោម រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានខូចខាតស្ទើរទាំងស្រុងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យទេសចរណ៍ផងដែរ។ យើងដឹងថា ការលុប Game Online នេះ មានផលប៉ះពាល់ តែផលប៉ះពាល់នោះមានទំហំតូច ហើយមិនអាចទុកឲ្យប៉ះពាល់នោះរំាងស្ទះ ដល់ការរីកចម្រើនរបស់កម្ពុជានោះទេ»។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសហើយថា មិនអនុញ្ញាតឲ្យខេត្តព្រះសីហនុ ក្លាយបនល្បែងដូចម៉ាកាវនោះទេ គឺមានចក្ខុវិស័យធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង សម្រាប់ដោះដូរទំនិញ ដូចក្រុងសិនជិន ប្រទេសចិនដូច្នេះដែរ។

ថ្លែងក្នុងបទសម្ភាសន៍កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេតវិញមើលឃើញថា ការបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាយ ប៉ះពាល់លើវិស័យអចលនទ្រព្យតែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែជាចំណាត់ការល្អរបស់រាជរដ្ឋាភិបាល ព្រោះបើទុកយូរទៀត ស្ថានភាពនៅព្រះសីហនុ ពិបាកស្តារឡើងវិញ ឬមិនអាចគ្រប់គ្រងបាន។

លោក គឹម ហ៊ាង បញ្ជាក់ថា «ជារួមបើមើលតែមួយភ្លេតទៅ ការបញ្ចប់ល្បែងភ្នាល់តាមអនឡាញ គឺប៉ះពាល់ដល់វិស័យដីធ្លីតែរយៈពេលខ្លី ដែលក្រៅពីព្រះសីហនុ មានតំបន់ផ្សេងទៀត ដូចជាបាវិត និងប៉ោយប៉ែតផងដែរ ដែលជាកន្លែងប្រមូលផ្តុំដោយកាស៊ីណូ។...បើយើងមិនទប់ស្កាត់ឥឡូវនេះ [លំហូរនៃពលរដ្ឋចិន ធ្វើការក្នុងអាជីវកម្មល្បែងអនឡាញ] បើយើងទុកបែបនេះ រយៈពេលតែ៣ឆ្នាំទៀត គឺនឹងដល់ដំណាក់កាលមួយគ្រប់គ្រងលែងបាន។ ខ្ញុំសប្បាយចិត្តដែលរាជរដ្ឋាភិបាល បានប្រកាសថា ឈប់ឲ្យមានអាជ្ញាបណ្ណល្បែងភ្នាល់តាមអនឡាញនេះ»។

ជាមួយគ្នានេះ ក្រោយបញ្ចប់អាជ្ញាបណ្ណល្បែងភ្នាល់តាមអនឡាញ អ្នកជំនាញក្នុងវិស័យអចលទ្រព្យទាំង២រូបរំពឹងថា ស្ថានភាពវិស័យទេសចរណ៍ និងការគ្រប់គ្រងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ នឹងល្អប្រសើរឡើងវិញ រួមទាំងផ្តល់ផលល្អដល់វិស័យមីក្រូសេដ្ឋកិច្ចផងដែរ។ ជាពិសេសនៅពេលហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តអភិវឌ្ឍន៍បានល្អឡើងវិញនោះ តម្លៃចលទ្រព្យក៏នឹងមានសន្ទុះកើនឡើងថែមទៀត។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។

នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុច ដូចខាងក្រោម៖

១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប ង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។

២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។

៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។

ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធើណេត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕