(ព្រះវិហារ)៖ តាមសេចក្តីរាយការណ៍ពី ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារថា នៅរសៀលថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកជំនន់បានហក់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យលិចកសិដ្ឋានចិញ្ចឹមជ្រូករបស់គាត់ ធ្វើឲ្យសត្វជ្រូករបស់គាត់បាត់បង់ជាច្រើនក្បាល និងជាច្រើនក្បាលទៀតកំពុងជួយសង្រ្គោះ។

លោក នន់ វណ្ណី ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា មកដល់ពេលនេះ សកម្មភាពសង្គ្រោះសត្វជ្រូកកំពុងតែដំណើរការយ៉ាងញាប់ដៃញាប់ជើង ដោយសារទឹកជំនន់កាន់តែហក់ឡើងទៅៗ មិនមានការស្រកចុះសោះ។

លោក នន់ វណ្ណី បានបន្តថា សត្វជ្រូកនៅក្នុងកសិដ្ឋានរបស់គាត់មានចំនួន៣,៦០០ក្បាល ពេលនេះកំពុងធ្វើការសង្រ្គោះបានជាង១,០០០ក្បាលហើយ និង១០០ក្បាលទៀត បានបាត់បង់ដោយសារវាលោតចេញពីទ្រុង។

តាមរយៈអង្គភាពព័ត៌មាន Fresh News ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវឲ្យអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរស្រុកត្បែងមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍សង្រ្គោះសត្វជ្រូករបស់គាត់ផង ព្រោះពេលនេះទឹកនៅតែបន្តហក់ឡើង៕