(កំពង់ចាម)៖ ជំនន់ទឹកទន្លេមេគង្គនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជន់ឡើងរហូតហូរចូលក្រុងកំពង់ចាម។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះរកដំណោះស្រាយមួយចំនួន ដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងកំពង់ចាម។

ទីបំផុតទៅលោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធបានសម្រេចទប់នៅតាមកន្លែងដែលទឹកហូរចូលក្រុង និងដាក់ម៉ាស៊ីនបូមទឹកចេញពីក្រុងផងដែរ។ លោក គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News រហូតមកដល់ព្រលប់ថ្ងៃដដែលកម្រិតទឹកបាននៅត្រឹង ហើយទឹកក៏មិនបានលិចក្នុងក្រុងផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់ចែងមន្ត្រីជួយអន្តរាគមន៍ភ្លាមៗជួយបូមទឹកចេញពីក្នុងក្រុងបញ្ចៀសការជន់លិច៕