(ប៉េកាំង-ចិន)៖ ផ្តើមចេញពីលទ្ធផល នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងខែមីនា ឆ្នាំ ២០១៩កន្លងទៅ និងឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

លទ្ធផល និងសកម្មភាពសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះ មានដូចខាងក្រោម៖

រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបប្រជុំទ្វេភាគីជាមួយ លោក ទូ ហាងហៃ្វ អនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណៈចិន។ តាមរយៈជំនួបពិភាក្សាជាផ្លូវការនេះ លោក ទូ ហាងហ្វៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ទាំងកម្រិតរដ្ឋាភិបាល ទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន ជាពិសេសកិច្ចសហការអនុវត្តច្បាប់រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដែលភាគីចិនបានចាត់ទុកថា គឺជាគំរូសម្រាប់កិច្ចសហការអនុវត្តច្បាប់នៅក្នុងតំបន់។

ក្នុងជំនួបពិភាក្សានេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណៈចិន ដែលកន្លងមក តែងបានជួយឧបត្ថម្ភគាំទ្រដល់កម្លាំងនគរបាលជាតិកម្ពុជា ទាំងស្មារតី និងសម្ភារ និងស្នើសុំឲ្យភាគីចិនបន្តគាំទ្រទាំងបទពិសោធន៍ និងការបំពាក់មធ្យោបាយ សម្ភារ សម្រាប់ការរៀបចំផែនការការពារកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកីឡា Sea Games ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំក្នុងឆ្នាំ២០២០ និង២០២៣ ខាងមុខនេះ។ សំណើនេះត្រូវបានភាគីចិនទទួលយក និងសន្យាជួយគាំទ្រអស់ពីចិត្តពីថ្លើម។

ក្នុងនាមក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោក ទូ ហាងហ្វៃ ក៏បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «ការបង្កើតការិយាល័យសម្របសម្រួល កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» នាថ្ងៃដដែលនេះផងដែរ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូដឹកនាំដោយ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ច ដកពិសោធន៍ការងារ ពាក់ព័ន្ធនឹងការការពារសន្តិសុខនៅគោលដៅសំខាន់ៗ មួយចំនួនដូចជា៖

*សិក្សាស្វែងយល់អំពីការរៀបចំបំពាក់ប្រព័ន្ធបច្ចេកវិទ្យា និងការផលិតសម្ភារបច្ចេកទេសបម្រើឲ្យការងារសន្តិសុខ របស់ក្រុមហ៊ុនផលិតសម្ភារបច្ចេកទេស ប្រឆាំងបទល្មើសបច្ចេកវិទ្យា (ជាក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារពិភពលោក)

*ទស្សនានៅទីតាំង នៃគណៈកម្មាធិការអូឡាំពិកចិន ដើម្បីស្រង់យកបទពិសោធន៍ការងារ ពាក់ព័ន្ធកិច្ចការពារព្រឹត្តិការណ៍អូឡាំពិកកាលពីឆ្នាំ២០០៨ និងការត្រៀមធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២ សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ

*ទស្សនាដកពិសោធន៍ការរៀបចំផែនការសន្តិសុខ តាមបែបប្រព័ន្ធការពារទំនើប នៃគណៈបញ្ជាការសន្តិសុខ «ធានអានមែន» សម្រាប់មីទ្ទិញខួបឯករាជ្យចិន លើកទី៧០ ដែលមានមហាជនចូលរួមប្រមាណជាមួយលាននាក់

*ទស្សនាទីក្រុងធានជីង ដែលជាទីក្រុងអភិវឌ្ឍន៍ និងស្តាប់បទពិសោធន៍ ក្នុងការរៀបចំកងកម្លាំង និងការបំពាក់ឧបករណ៍ សម្ភារ ដល់កម្លាំងអន្តរាគមន៍ពិសេស នៃទីក្រុងនេះផងដែរ។

គណៈប្រតិភូដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើមាតុភូមិន៍និវត្តន៍នាយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ប្រកបដោយសុវត្ថិភាព និងបាននាំយកមកជាមួយនូវ បទពិសោធន៍ល្អៗជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រធានាស្ថិរភាព សន្តិសុខសង្គម ក៏ដូចជាព្រឹត្តិការណ៍ល្អៗ ជាច្រើនសម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រធានាស្ថិរភាព សន្តិសុខសង្គម ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ នៅកម្ពុជាផងដែរ៕