(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានក្រើនរំឮកដល់នាយទាហាន នាយទាហានរង ដែលបានបំពាក់ឋានន្តរស័ក្តិចំនួន១.២៤៤នាក់ ត្រូវយកចិត្តទុកដាក់គ្រប់ជំនាញទាំងអស់ ហើយត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌ កុំយកអំណាចទៅគំរាមកំហែងដល់ថ្នាក់ក្រោម ត្រូវចេះសហការ សាមគ្គីគ្នាឱ្យបានល្អ គោរពនូវក្រិត្យច្បាប់ បទវិន័យរបស់កងទ័ព ដើម្បីដឹកនាំអង្គភាពឱ្យមានការរីកចំរើន និងសម្រេចរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ឱ្យ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពពិធី បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម ឆ្នាំ២០១៩ ស្ថិតនៅចោមចៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការរង នាយការិយាល័យ មេបញ្ជាការកងឯកភាព និងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះស្នាដៃ ដែលបញ្ជាការដ្ឋានវិស្វកម្ម សម្រេចបានកន្លងមក នាយឧត្តមសេនីយ៍ បានក្រើនរំឮកដល់នាយទាហាន នាយទាហានរង ដែលបានបំពាក់ឋានន្តរស័ក្តិចំនួន១.២៤៤នាក់ នៅពេលនេះ ដែលបានខិតខំប្រឹងបំពេញតួនាទីរបស់ខ្លួនដោយមិនខ្លាចនឿយហត់។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ថា ក្រោយពីអនុវត្តភារកិច្ច ជំនាញវិស្វកម្មនា រដូវប្រាំង តាមបណ្តាការដ្ឋានទិសខាងមុខនៃមាតុភូមិរួចមក កងឯកភាពនីមួយៗ បានរួសរាន់ប្រមូលផ្តុំកម្លាំង និងមធ្យោបាយគ្រឿង បំពាក់ចូលទីតាំង ដែលបានកំណត់ ដើម្បីធ្វើការថែទាំជួសជុល សម្រាប់ត្រៀមអនុវត្តភារកិច្ច នៅដំណាក់កាលខាងមុខទៀត និងចាត់តាំងវគ្គហ្វឹកហ្វឺន បំប៉នទៅតាមជំនាញឯកទេស របស់កងឯកភាពនីមួយៗ។

ឧត្តមសេនីយ៍ទោ សឹង សុខន បានបន្តថា ជាក់ស្តែងនៅរដូវវស្សាក្នុងឆ្នាំ២០១៩នេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន បញ្ជាការដ្ឋានវិស្វកម្ម ស្ថាប័ន អង្គភាពចំណុះបានចាត់តាំង ហ្វឹកហ្វឺនជំនាញសំខាន់ៗ និងបំប៉នគ្រូបង្គោលឱ្យដល់បណ្តាកងឯកភាព សម្រាប់អង្គភាពហ្វឹកហ្វឺនបន្ត ដែលមានកម្លាំងចូលរួមហ្វឹកហ្វឺន សរុបចំនួន២.៤៣៨នាក់ ក្នុងនោះការហ្វឹកហ្វឺនបំប៉នជំនាញចំនួន១.៦៣៧នាក់ អប់រំផ្សព្វផ្សាយផ្សេងៗ ចំនួន៨០១នាក់ អប់រំនយោបាយសតិ អារម្មណ៍ចិត្តសាស្រ្តកងទ័ពចំនួន២១លើក និងសភាពការណ៍ថ្មី ហើយយោធិនចូលរួម២៦.៦២៨នាក់។

ឧត្តមសេនីយ៍ទោ សឹង សុខន បានបន្ថែមទៀតថា ក្នុងការអនុវត្តភារកិច្ចជំនាញឆ្នាំ២០១៨-២០១៩កន្លងទៅនេះ នៅគ្រប់បណ្តាការដ្ឋាន តាមបណ្តាទិសគ្រប់កងឯកភាពបានប្រមូលផ្តុំកម្លាំង និងមធ្យោបាយគ្រឿងបំពាក់ចុះអនុវត្តភារកិច្ច ស្ថាបនាផ្លូវ-ស្ពាន ក៏ដូចជាសំណង់ផ្សេងទៀត បណ្តាអង្គភាពសម្រេចបានលទ្ធផលខ្ពស់ គួរជាទីមោទនៈបំផុត និងត្រូវបានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែលបានអញ្ជើញចុះចូលរួមត្រួតពិនិត្យ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន នៅតាមបណ្តាការដ្ឋាន មានការកោតសរសើរ និងយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ស្តែងចេញពីសកម្មភាពនៃការងារហ្វឹកហ្វឺន សម្រេចបានលទ្ធផលជោគជ័យ ជាក់ស្តែងក្រៅអំពីការងារបោសសម្អាតមីន និងរកឃើញនូវយុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទនៅលើការដ្ឋាន ក្រុម EOD បានដោះបំផ្លាញដោយមានប្រសិទ្ធភាព គ្រាប់បែកទម្លាក់ពីលើយន្តហោះ បានជោគជ័យ ជាលើកដំបូង នេះបញ្ជាក់អំពីសមត្ថភាពជំនាញរបស់យោធិន ដែលបានបណ្តុះបណ្តាលនាពេលកន្លងមកនេះ ហើយលើការងារ កសាងគ្រប់គ្រង ពង្រឹងកម្លាំង និងអប់រំនយោបាយសតិអារម្មណ៍ចិត្តសាស្រ្តដល់កងទ័ព បានលើកកម្ពស់គុណភាព នយោបាយកងទ័ព គោរពវិន័យម៉ឺងម៉ាត់ មានស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុតស្រួច ពុះពារឆ្លងកាត់រាល់ឧបសគ្គ គ្រោះថ្នាក់លំបាកមិនខ្លាចនឿយហត់ ពុះពារអនុវត្តឱ្យខាង តែបានសម្រេចជោគជ័យ តាមបទបញ្ជាដែលថ្នាក់លើប្រគល់ឱ្យ ជាពិសេសការពារសន្តិភាពមិនឱ្យបាត់បង់ និងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។

ក្នុងខណៈនោះ នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជការរដ្ឋានកងទ័ពជើងគោករួមមាន៖ ភេសជ្ជៈចំនួន៧០០កេស គ្រាប់ពូជចំនួន១៨៧កញ្ចប់ និង២៨គ.ក្រ ជូនដល់បណ្តាកងឯកភាព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម ផងដែរ៕