(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ បានស្ទូចអូសរថយន្តដែលចតនៅលើផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីព្រះនរោត្តម យកទៅរក្សាទុកចំនួន ១៤ថ្ងៃ ទុកជាការព្រមាន។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ដោយពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ក៏ដូចជា តាមគ្រឹះស្ថានរដ្ឋ និងឯកជនមួយចំនួននៅតែបន្តយករថយន្ត មកឈប់ចតនៅលើផ្លូវថ្មើរជើងបង្កបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយបាំងផ្លូវថ្មើរជើង របស់បងប្អូនប្រជាពលរដ្ឋទូទៅ និងជនពិការដដែល។

រដ្ឋបាលខណ្ឌដូនពេញ ក៏អំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជា ក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទ ត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញនោះ រដ្ឋបាលខណ្ឌនឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយៈពេល១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ។

ដូច្នេះសូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងរបស់យើងទាំងអស់គ្នា៕