(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ ដឹកនាំដោយលោក Lu Chu Chang នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម។

ជំនួបនេះក្រុមហ៊ុនមានគោលបំណងរាយការណ៍ជូនលោករដ្ឋមន្រ្តី ជ្រាបអំពីវឌ្ឍនភាព នៃគម្រោងវិនិយោគលើការដាំឈើ បម្រើឲ្យវិស័យឧស្សាហកម្មឈើកែច្នៃ និងសម្រាប់បម្រើឲ្យការសាងសង់អាគាររោងចក្រគ្រឿងសង្ហារឹម និងនាំចេញ។

លោក Chang បានសម្តែងអំណរគុណចំពោះរដ្ឋបាលព្រៃឈើ និងជាពិសេសលោករដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការលើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍការ ដាំឈើតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការ ដើម្បីឲ្យក្រុមហ៊ុនឈានទៅសម្រេចបាន នូវផែនការវិនិយោគដូចការរំពឹងទុក។

ឆ្លៀតយកឱកាសនេះ ក្រុមការងាររបស់លោក បានរាយការណ៍អំពីសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន នាពេលបច្ចុប្បន្នមានដូចជាការបណ្តុះកូនឈើពូជ ការដាំដុះ មានដូចជាកូនឈើប្រេងខ្យល់ អាកាស្យា មៃសាក់ រកា។ល។ ចាប់តាំងពីឆ្នាំ២០១៧ មកបច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះប្រភេទឈើខាងលើ បានជាង២,០០០ហិកតា ហើយកំពុងរៀបចំផែនការពង្រីកការដាំដុះឲ្យបាន៥,០០០ហិកតាបន្ថែមទៀត ក្នុងឆ្នាំ២០២០។

លោកក៏បានបញ្ជាក់ផងដែរថា ដោយសារក្រុមហ៊ុន បានបោះទុនវិនិយោគជាង២លានដុល្លារសហរដ្ឋអាមេរិក បង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើ នៅខេត្តកំពង់ធំ ដើម្បីធ្វើការផ្សព្វផ្សាយពូជឈើ បណ្តុះបណ្តាល បច្ចេកទេស លើកកម្ពស់គុណភាពឈើ និងនិរន្តភាពនៃការផ្គត់ផ្គង់កូនឈើពូជ និងជាពិសេសដោយសារភាព អំណោយផលនៃក្សេត្របរិស្ថាននៃប្រទេសកម្ពុជា ពូជឈើដែលកំពុងដាំដុះនោះ នឹងមានអាយុត្រឹមតែ៦ឆ្នាំ អាចប្រមូលផលបាន១៥០ម៉ែត្រគូប ក្នុង១ហិកតា។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ ការបណ្តុះកូន និងជាពិសេសបានបង្កើតវិទ្យាស្ថានស្រាវជ្រាវឈើដាំ ដែលវិទ្យាស្ថាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា តាមរយៈការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះកូន និងដាំឈើស្តារព្រៃឈើឡើងវិញ ស្រមតាមគោលនយោបាយរបស់ក្រសួង និងជាពិសេសរបស់រាជរដ្ឋភិបាល។

លោករដ្ឋមន្រ្តីបានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាព លើការងារដាំដុះឲ្យគ្រប់តាមផែនការ ដែលបានគ្រោងទុក។

លោករដ្ឋមន្ដ្រីថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាព ផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែងជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ៕