(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការ និងឆ្លើយតបនឹងកំណើនភ្ញៀវទេសចរចិនដែលមកទស្សនានៅកម្ពុជា ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងពាណិជ្ជកម្មរបស់ចិន និងមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ឆ្នាំ២០១៩ ប្រមាណ២០០នាក់បន្ថែមទៀត។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់លោកស្រី Gui Fan នាយករងប្រតិបត្តិ នៃមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ សាស្រ្តាចារ្យនៃមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងគ្រូឧទ្ទេសាចារ្យអន្តរជាតិ ព្រមទាំងសិក្ខាកាមផងដែរ។

នាឱកាសនោះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ សំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យទេសចរណ៍ទាំងបរិមាណ និងគុណភាព។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមពង្រឹសមត្ថភាពជំនាញភាសាចិន ដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន ដោយផ្អែកលើការប្រើប្រាស់វិធីសាស្រ្តថ្មីៗក្នុងការបណ្តុះបណ្តាលភាសាចិន និងការពង្រឹងសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយ សមត្ថភាពខ្ពស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។

លោករដ្ឋលេខាធិការបានបន្ថែមថា តាមរយៈការសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងភាពជាដៃគូរវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងពាណិជ្ជកម្មរបស់ចិន និងមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ ជាមួយក្រសួងទេសចរណ៍ លើការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅត្រៀមទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន ដែលបាននិងកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្ន។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ក្នុងនោះមានទេសចរជនជាតិចិនចំនួន ១,៥០០,៦៨៤នាក់ កើនឡើង ៣៩.១%។

តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕