(តាកែវ)៖ លោក ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកសំរោង ខេត្តតាកែវ បានរំលឹកប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ប្រជាពលរដ្ឋថា នៅឆ្នាំ២០៣០ កម្ពុជានឹងចាកផុតពីស្ថានភាពក្រីក្រ។

ការថ្លែងដូច្នេះ របស់លោក ម៉ុក ម៉ារ៉េត បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាអំណោយរបស់សប្បុរសជនលោក ថោង ម៉ុន និងលោកស្រី ម៉ៅ ហៃ អាជីវករនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់ថា នេះបើយោងតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ លោកបញ្ជាក់ថា ក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បើសម្តេចបានដាក់ហើយ សម្តេចត្រូវតែធ្វើឲ្យទាល់តែបាន ហើយការនិយាយនេះ មិនមែននិយាយដើម្បីរកសន្លឹកឆ្នោតទេ ព្រោះកម្ពុជាបានងើបឈរពីគំនរផេះផង់ ភាពខ្ទេចខ្ទាំដោយសារការបំផ្លិចបំផ្លាញ ក្នុងរបបមុនៗមក។

លោក ម៉ុក ម៉ារ៉េត បានបន្តទៀតថា មកដល់ថ្ងៃនេះកម្ពុជាមានការអភិវឌ្ឍចេះតែរីកចម្រើនទៅមុខ ដែលជាក្តីសង្ឃឹមទាំងអស់គ្នា នឹងអ្វីដែលសម្តេចលើក ក្នុងយុទ្ធសាស្ត្រដើម្បីសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងត្រូវលើកកម្ពស់លើគោលនយោបាយផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។ ការរស់នៅ គឺត្រូវការចាំបាច់ផ្លូវ ទឹក ភ្លើង ហើយកាលណាមានទាំងអស់ហើយ ប្រទេសជាតិត្រូវការធនធានមនុស្សដើម្បីធ្វើការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា លោក សុខ ស៊ីថា មេឃុំលំចង់ បានឲ្យដឹងថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺរបងសាលាឃុំលំចង់ មានប្រវែង១៦៩ម៉ែត្រ ជាអំណោយរបស់លោក ថោង ម៉ុន និងលោកស្រី ម៉ៅ ហៃ បានចំណាយទឹកប្រាក់អស់១១,៤៥៦ដុល្លារ។ លោកមេឃុំ បានឲ្យដឹងទៀតថា ចំពោះសមិទ្ធផលដែល លោក ថោង ម៉ុន និងលោកស្រី ម៉ៅ ហៃ បានកសាងនៅក្នុងឃុំលំចង់នេះ នៅមានប្រឡាយរំដោះទឹកមួយខ្សែទៀត មានប្រវែង១,៣៦៩ម៉ែត្រ ចំណាយទឹកប្រាក់៩,៧០០ដុល្លារ។

លោក ថោង ម៉ុន ក៏បានផ្តល់ជាសំលៀកបំពាក់ឯកសណ្ឋានជូនកម្លាំប្រជាការពារ២១សម្រាប់ ចំណាយទឹកប្រាក់ ចំនួន៨៤០ដុល្លារ ផ្តល់រេវិធ័រផ្សាយទាក់ទង០១គ្រឿង, ប្រដាប់ការពាររន្ទះ០១គ្រឿង និងវិទ្យុទាក់ទង១៦គ្រឿង ចំណាយថវិកាអស់២,១០០ដុល្លារ។ អំណោយទាំងនេះ សរុបទឹកប្រាក់ប្រមាណ ២៤,០៨៦ដុល្លារ។

មិនតែប៉ុណ្ណោះលោក ថោង ម៉ុន បានឧបត្ថម្ភថវិកាជូនដល់កម្លាំងប្រជាការពារចំនួន៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល, ឧបត្ថម្ភដល់ មេភូមិ អនុភូមិ ក្រុមប្រឹក្សាឃុំ ស្មានឃុំ ក្រុមជំនួយការឃុំសរុប៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងជួយឧបត្ថម្ភថវិកាដល់សាលាឃុំ ចំនួន២លានរៀល សម្រាប់ចាក់ដីបំពេញនៅក្នុងទីធ្លាសាលាឃុំផងដែរ៕