(កំពង់ចាម)៖ ស្រ្តីចាស់ជរាអាយុជិត ៩០ឆ្នាំម្នាក់ បានស្វែងរកយុត្តិធម៌ ពីថ្នាក់ដឹកនាំជួយអន្តរាគមន៍ ក្រោយភាគីម្ខាងទៀត បានលួចប្រើលិខិតក្លែង យកទៅប្តឹងផ្តល់ ហើយត្រូវបានតុលាការ កាត់ឲ្យឈ្នះក្តីទៀតផង និងបានចុះមករុះរើប៉ុន្មានដងមកហើយ។

លោកយាយ ឡោ លន់ អាយុ៨៩ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រាប់ក្រុមសារព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា លោកយាយជាស្រ្តីមេម៉ាយ បានរស់នៅក្នុងភូមិ ឃុំខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយរូបគាត់មកកាប់ឆ្ការព្រៃដើម្បីរុករាន ធ្វើលំនៅឋានរស់នៅទីនេះ តាំងពីម្តុំនេះមានព្រៃក្រាស់ គឺមានតែពីរគ្រួសារនោះទេ មករស់នៅទីនេះមុនគេ។

លោកយាយបន្ដថា មកដល់សម័យរដ្ឋកម្ពុជា រដ្ឋបានសម្រេចចិត្តគ្រប់គ្រងដីបង្កបង្កើនផល និងដីលំនៅឋានមកជាឯកជនភាវូបនីយកម្ម បានន័យថា ក្នុងឆ្នាំ១៩៩២ រដ្ឋបាលស្រុកបាធាយបានបង្កើត ក្រុមការងារចុះវាស់វែង មានរដ្ឋអំណាចភូមិ-ឃុំ និងមានការិយាល័យសូរិយោដីស្រុក ចុះវាស់ដីជូនដល់ប្រជាពលរដ្ឋ រួមជាមួយរូបគាត់ផងដែរ។

លោកយាយ បានឲ្យដឹងថា ពាក់ព័ន្ធប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី២២-០៩-១៩៩២ មកដល់ពេលបច្ចុប្បន្ន ប្រធានភូមិបាលស្រុកបាធាយ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លីរបស់គាត់ គឺជាប្លង់កាន់កាប់ដីធ្លីពិតប្រាកដមែន ( នៅតែទទួលដឹងឮថាជាដីស្របច្បាប់របស់គាត់)។

ជុំវិញបញ្ហានេះលោកយាយ ឡោ លន់ បានសុំស្វែងរកកិច្ចអន្តាគមន៍រកខុសត្រូវ និងផ្តល់ភាពយុត្តិធម៌ជូនរូបគាត់ ខណៈដែលតុលាសាលាដំបូងខេត្តកំពង់ចាម ចេញសាលក្រមចុះអនុវត្តន៍ បំបែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ស្របច្បាប់) និងគ្រោងរុះរើតូបលក់ដូរនៅលើដីចំណីផ្លូវ (ក្រៅដីទម្លាស់របស់គាត់) ទៅឲ្យដើមបណ្តឹងដែលប្រើប្រាស់លិខិត ក្លែងក្លាយទៅវិញ។

ចំពោះរឿងរាវនេះ លោក ឈាង គីមអាង ប្រធានការិយាល័យសូរិយោដី ស្រុកបាធាយ នាពេលកន្លងមក បានបញ្ជាក់ថា ឈ្មោះ ឡោ លន់ ពិតជាទទួលបានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី២២-០៩-១៩៩២ ពិតប្រាកដមែន ព្រោះពេលនោះ គាត់នៅជាមន្រ្តីការិយាល័យ និងបានចុះវាស់វែងជាមួយអាជ្ញាធរភូមិ-ឃុំ ដើម្បីចេញប័ណ្ណជូនដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ទៀតថា ចំពោះបញ្ហាចុះវាស់វែងនេះ ឈ្មោះ ឆេ ស៊ីម ពិតជាមិនបានមកវាស់វែង និងធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ ពិតប្រាកដមែន។

សូមបញ្ជាក់ថា នេះជាលើកទី ៤ហើយ សាលាដំបូងខេត្តកំពង់ចាម ចេញសាលក្រមចុះអនុវត្តន៍ បំបែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី របស់ឈ្មោះ ឡោ លន់ ទៅដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម ដែលមិនមែនជាម្ខាស់ដី ដោយមិនដែលរស់នៅលើដីនេះ តាំងពីឆ្នាំ១៩៧៩ មក និងគ្មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ស្របច្បាប់) ហើយរឿងនេះ បានកើតឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងបាននោះទេ ដើម្បីបកស្រាយករណីនេះ៕