(ស្វាយរៀង)៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនិងជិតចូលមកដល់នាពេលខាងមុខនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ដែលដាក់តាំងលក់នៅក្នុងផ្សារមួយនេះ។

មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ១៤មុខ ក្នុងផ្សារស្វាយជ្រំនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះ បានដកហូតទឹកត្រីកោះកុង១៩ដបនិងនំចម្រុះ៨កញ្ចប់ ប័រពីកំប៉ុង ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។

មន្ត្រីកាំកុងត្រូលបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕