(ភ្នំពេញ)៖ លោក យក់ សៀង អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ ឯកទេសភាសាបាលី និងសំស្ក្រឹត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាព ៧៤ឆ្នំា ដោយរោគាពាធ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់លោក ម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសពបានបូជា តាមប្រពៃណី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវត្តអង្គតាមិញ។

មរណភាពលោកសាស្ត្រាចារ្យ យក់ សៀង ត្រូវបានក្រុមអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សាកលវិទ្យាល័យភ្នំពេញ) សោកស្តាយ និងចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សផ្នែកអក្សរសាស្ត្រជាតិយ៉ាងសំខាន់។ លោក គឺជាសាស្ត្រាចារ្យដែលទទួលបាននូវការគោរពស្រឡាញ់រាប់អាន ពីបណ្តាអតីតនិស្សិត ដែលធ្លាប់រៀនសូត្រជាមួយ។ លោកគឺជាសាស្ត្រាចារ្យដ៏គំរូ សម្រាប់និស្សិតអក្សរសាស្ត្រខ្មែរទាំងឡាយ ដែលទទួលបានការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យភ្នំពេញ តាំងពីដើមទសវត្សរ៍ទី៩០។

កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រុមអតីតនិស្សិតសាកលវិទ្យាល័យភ្នំពេញ នៃមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរជំនាន់ទី១២ បានអញ្ជើញលោក យក់ សៀង ចូលរួមក្នុងកម្មវិធីជួបជុំអតីតនិស្សិត នៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ជាមួយនឹងអតីតសាស្ត្រាចារ្យមួយចំនួនទៀត។

នៅរាត្រីថ្ងៃទី២៤ ខែសីហា លោកមានសុខភាពមាំមួន ជជែកលេងជាមួយអតីតកូនសិស្សរបស់ខ្លួនយ៉ាងសប្បាយរីករាយ ពោលគឺមើលទៅដូចជា មិនមានជំងឺអ្វីបៀតបៀននោះទេ។ លោកបានចំណាយពេលវេលាអង្គុយជជែក ជាមួយសាស្ត្រាចារ្យ ក៏ដូចជាអតីតកូនសិស្សជាយូរម៉ោង មុនពេលត្រឡប់ទៅគេហដ្ឋានវិញ នៅវេលាប្រហែលម៉ោង៩យប់។

លោក កាន់ គុណសម្បត្តិ អតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរ ជំនាន់ទី១២ ដែលបានជួបលោក យក់ សៀង កាលពីយប់ថ្ងៃទី២៤ ខែសីហា នៅពេលទទួលបានដំណឹងអំពីមរណភាពនេះ បានថ្លែងថា វាជារឿងដែលមិនគួរនឹកស្មានដល់ ពីព្រោះនៅពេលដែលលោកជួបពួកយើង គឺលោកមានសុខភាពល្អមាំទាំ។ យ៉ាងណាក៏ដោយ យើងបានត្រឹមតែសម្តែងនូវការសោកស្តាយនឹករលឹក ចំពោះលោកសាស្ត្រាចារ្យ ដែលបានបូជាពេលវេលាពេញមួយជីវិត ដើម្បីបុព្វហេតុអប់រំក្នុងវិស័យអក្សរសាស្ត្រជាតិ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook មានការចែករំលែកតៗគ្នា អំពីដំណឹង និងការធ្វើបុណ្យឧទ្ទិសកុសលជូនលោកសាស្ត្រាចារ្យ។ លោក ហម វុទ្ធី ដែលជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរ អាហារូបករណ៍ជំនាន់ទី៣០ បានចាត់ទុកលោក យក់ សៀង ជាវីរសាស្ត្រាចារ្យ ដែលបានបូជាជីវិតក្នុងបុព្វហេតុ អក្សរសាស្ត្រជាតិ។

គណនី Facebook «Morn Long» ជាអតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរជំនាន់ទី១២ នៃសាកលវិទ្យាល័យភ្នំពេញ បានសរសេរថា «យើងសោកស្តាយ ចំពោះការបាត់បង់សាស្ត្រាចារ្យដ៏ឆ្នើមមួយរូប។ លោកគ្រូ គឺជាអ្នកដែលបានដឹកដៃពួកយើងទាំងអស់គ្នា ឲ្យបានស្គាល់ អំពីបញ្ហាអក្សរសាស្ត្រ, បាលី សំស្ក្រឹត លោកតស៊ូក្នុងជីវិតបង្រៀនពួកយើងឲ្យខិតខំរៀនសូត្រ, លោកមិនដែលរួញរានឹងការលំបាកនោះឡើយ»។

លោក យក់ សៀង អតីតសាស្ត្រាចារ្យគំរូម្នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកជិះតែកង់មកបង្រៀនសិស្ស ដោយមិនទទួលយកនូវអំណោយផ្សេងៗ ដូចជាម៉ូតូនោះឡើយ។ សិស្សគណជាច្រើនបានព្យាយាមប្រមូលធនធាន សហការគ្នាដើម្បីទិញម៉ូតូជូនលោកគ្រូ គ្រាន់ជិះធ្វើដំណើរ ប៉ុន្តែលោកមិនទទួលយក អំណោយជាម៉ូតូនោះទេ។

កញ្ញា ឡាក់ មុនីរស្មី អតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រជំនាន់ទី១២ នៃសាកលវិទ្យាល័យភ្នំពេញបានរំលឹកអនុស្សាវរីយ៍ថ្មីៗ នាវេលាមួយដែលលោកគ្រូ បានហៅម៉ូតូកង់បីជិះ នៅគ្រាដែលកញ្ញានៅឯផ្លូវម្ខាងកំពុងរៀបចំឡើងរថយន្ត ក៏ក្រឡេកឃើញលោកសាស្ត្រាចារ្យ ហើយកញ្ញាក៏បានប្រញាប់ឆ្លងថ្នល់ ទៅសួរសុខទុក្ខ ប៉ុន្តែដោយសារផ្លូវចង្អៀតមិនបានសួរនាំអ្វី បានត្រឹមតែចង្អុលឲ្យអ្នកនៅជិតនោះ ជួយចេញថ្លៃម៉ូតូកង់បី និងជូនសោហ៊ុយលោកគ្រូខ្លះ។ ពេលនោះលោកគ្រូស្រែកសួរចេញពីរ៉ឺម៉កកង់បីមកថា «នាងជានរណា» កញ្ញាបានត្រឹមតែឆ្លើយថា «ខ្ញុំជាអតីតកូនសិស្សរបស់លោកគ្រូ»។

លោក អ៊ុ សារិន អ្នកកាសែតជើងចាស់មួយរូប និងជាដន្លងរបស់លោក យក់ សៀង បានសរសេរនៅលើបណ្តាញសង្គម Facebook ដោយបានបញ្ជាក់ថា សពរបស់លោក យក់ សៀង ត្រូវដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកូនស្រី ជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបូជានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តអង្គតាម៉ិញ ។ លោកបានសរសេរថា កេរ្តិ៍ឈ្មោះរបស់លោក យក់ សៀង ក្រអូបសាយភាយដោយលោក មិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់នរណានោះឡើយ។

លោក យក់ សៀង បានទទួលមរណភាពនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងអាយុ៧៤ឆ្នាំ ដោយមានភរិយាឈ្មោះ ប្រាក់ សុខខេង និងមានកូន៣នាក់ ដែលកូនប្រុសច្បងឈ្មោះ យក់ សេដ្ឋា, កូនស្ត្រីបន្ទាប់ឈ្មោះ យក់ ខេមា និងកូនប្រុសពៅឈ្មោះ យក់ វិចិត្រ។ លោកបានបន្សល់នូវអ្វី ដែលអតីតនិស្សិតអក្សរសាស្ត្រខ្មែរចងចាំ គឺ «ចេះកុំឲ្យហួដឹង ខឹងកុំឲ្យហួសហេតុ»៕