(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា ល្មមដល់ពេលគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាហើយ។ «យើងល្មមផ្លាស់ប្តូរឥរិយាបថទទួលយកការគោរពច្បាប់ ទាំងអស់គ្នា ពិសេសមន្ត្រីរាជការយើង ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋផងដែរ»។

ការលើកឡើងនេះ ខណៈដែលលោកអភិបាលខណ្ឌចំការមន ដឹកនាំមន្រ្តីគោរពភ្លៀងជាតិ និងចែកមួកសុវត្តិភាពជូនមន្ត្រីរាជការទូទាំងខណ្ឌជិត ១០០នាក់នាព្រឹកថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌចំការមន។

លោកបន្ថែមឲ្យដឹងថា កន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរបស់អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលរាជធានីភ្នំពេញបានខិតខំធ្វើការផ្សព្វផ្សាយ ដើម្បី ឲ្យប្រជាពលរដ្ឋធ្វើការគោរពច្បាប់ចរាចរណ៍ ដែលរួមមានការពាក់មួកសុវត្ថិភាពក្នុងការធ្វើ ដំណើរជាដើម។

ក្នុងនោះ ថែមទាំងបានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវផងដែរ សំដៅរកាត់បន្ថយអត្រាគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ ហើយចាប់ពីពេលនេះទៅគឺមិនមានការលើក លែងទៀតទេ។ លោក ថេង សុថុល បានបន្ថែមឲ្យដឹងថា ផ្តើមចេញពីមន្ត្រីរដ្ឋបាលខណ្ឌចំការមន ត្រូវតែពាក់មួកសុវត្ថិភាពក្នុង ការធ្វើដំណើរតាមដងផ្លូវ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ក៏ដូចជាគោរពជីវិតអ្នកដទៃផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានអោយដឹងថា ក្នុងខែកក្កដាកន្លងទៅនេះមានគ្រោះថ្នាក់កើតឡើងចំនួន៣៣៦លើក មានអ្នកស្លាប់ចំនួន១៤១នាក់និងរបួសចំនួន ៥៩៨នាក់(របួសធ្ងន់៣៤៥នាក់)ក្នុងចំណោមអ្នកស្លាប់ចំនួន១៤១នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន១០៥នាក់ស្មើ៧៤% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៧៩នាក់ស្មើ៧៥%។ រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន០២លើក នៅខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ចំនួន០២នាក់ និងរបួសចំនួន៥៨នាក់៕