កប៉ាល់ដឹកទំនិញធំមួយគ្រឿងឆាបឆេះ និងលិចក្បែរឆេ្នរសមុទ្រអាមេរិក, មនុស្ស៤នាក់បាត់ខ្លួន (Photo inside)
09-09-2019 09:38
(វ៉ាស៊ីនតោន)៖ ឆ្មាំសមុទ្រអាមេរិកបានឱ្យដឹងកាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ថា កងកម្លាំងកំពុងតាមស្វែងរកមនុស្ស ០៤នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍លិចកប៉ាល់ដឹកជញ្ជូនមួយគ្រឿង នៅឯតំបន់ឆ្នេរនៃរដ្ឋចរជា (Georgia)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមឆ្មាំសមុទ្រអាមេរិក មនុស្ស ២៤នាក់បានស្ថិតនៅលើកប៉ាល់ឈ្មោះ ហ្គោលដិនបេយ (Golden Ray) កំឡុងពេលកប៉ាល់នេះលិចដែលស្ថិតចំងាយ ១៣០គីឡូម៉ែត្រពីភាគខាងត្បូង ទីក្រុង សាវ៉ានណាហ៍ (Savannah)។ ប៉ុន្តែទន្ទឹមគ្នាមនុស្ស ២០នាក់ ត្រូវបានសង្រ្គោះដោយជោគជ័យ។
គួរបញ្ជាក់ថា ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះត្រូវបានផ្អាកមួយរយៈពេលខ្លីដោយសារមាន ភ្លើងឆេះនៅកប៉ាល់ខាងលើ។ រីឯមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ កប៉ាល់ខាងលើនេះត្រូវបានអាជ្ញាធរអាមេរិកអះអាងថា ជាកប៉ាល់ដឹករថយន្តនៃក្រុមហ៊ុន Hyundai Glovis៕