(ស្វាយរៀង)៖ ដើម្បីផ្សារភ្ជាប់ក្តីស្រឡាញ់ជាមួយពលរដ្ឋ នៅតំបន់ព្រំដែនកម្ពុជា វៀតណាម ជាពិសេសមួយក្មេងៗ លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន Lucky 89 និងជាអគ្គនាយក Lucky Ruby នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារ ស្ថិតក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពិធីនេះបានធ្វើឡើងមានការចូលរួមពីលោក តឹក ពិសិដ្ឋ អភិបាលរងស្រុកកំពង់រោទិ៍ ព្រះសង្ឃ ព្រមទាំងក្រុមប្រឹក្សាឃុំថ្មី ជាច្រើនរូបផងដែរ។
ព្រះគ្រូចៅអធិការវត្តកោះអណ្តែតឃុំថ្មី ព្រះនាម សុវណ្ណរិទ្ធ មានសង្ឃដីការថា ក្រុមហ៊ុន lucky89 និង lucky Ruby បានចូលរួមចំណែកការងារ មនុស្សធម៌បានជាច្រើន ជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាត ហើយមិនតែប៉ុណ្ណោះ លោក លីម គឹមសេង មិនត្រឹមតែជួយផ្នែកអាណាចក្រប៉ុណ្ណោះទេ ផ្នែកពុទ្ធចក្រក៏លោកបានចូលរួម កសាងសមិទ្ធផលជាច្រើន ក្នុងទីអារាមវត្តកោះអណ្តែតនេះ ទុកសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យទានតាមគន្លងនៃព្រះពុទ្ធសាសនា។
លោក លីម គឹមសេង បានលើកឡើងថា ក្នុងនាមជាប្រធានក្រុមហ៊ុនពិតជាមានក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកបានបន្តទៀតថា នឹងខិតខំបន្តទៀត ក្នុងការជួយពលរដ្ឋក្រីក្រជួបការខ្វះខាត ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ការធ្វើទាន ឬដាក់ទានសម្រាប់នរណាម្នាក់ ដែលកំពុងជួបការលំបាក និងខ្វះខាតពិតជាបានបុណ្យ។
ក្នុងឱកាសនោះដែរ លោក លីម គឹមសេង បានថ្លែងអំណរគុណដល់ក្រុមការងារ ព្រមទាំងអាជ្ញាធរដែនដី ជាពិសេសព្រះតេជគុណ សុវណ្ណរិទ្ធ ដែលបានខិតខំរៀបចំ ឲ្យមានកម្មវិធីនេះឡើង ដើម្បីបានសំណេះសំណាល និងបានធ្វើទានដល់ប្រជាពលរដ្ឋក្រីក្រនៅពេលនេះ និងមានចែកទានជាបន្តបន្ទាប់នៅលើកៗក្រោយទៀត។
លោក តឹក ពិសិដ្ឋ បានអំនាវដល់ប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ដោយហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត និងមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀង ផ្គរន្ទះខ្យល់កន្ត្រាក់ ត្រូវរកកន្លែង ដែលមានសុវត្ថិភាពបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ ជាពិសេសត្រូវមើលថែក្មេងៗឲ្យបានល្អ កុំឲ្យលេងទឹកនារដូវវស្សានេះ ដែលនាំលង់ទឹក និងប្រុងប្រយ័ត្នខ្ពស់នូវជំងឺគ្រុនឈាម ដែលកំពុងមានការផ្ទុះឡើង គួរឲ្យកត់សម្គាល់ចំពោះកុមារ និងមនុស្សធំពេញវ័យ។
អំណោយ ដែលផ្ដល់ជូនប្រជាពលរដ្ឋ មានអង្ករ មី ប៊ីចេង ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី មុង ភួយ ស្បែកជើង និងថវិកាមួយចំនួន ក្នុងមួយគ្រូសារ។ សម្រាប់ក្មេងៗវិញទទួលកាតាប សៀវភៅ ប៊ិចព្រមទាំងថវិកា មួយចំនួនផងដែរ៕