(ភ្នំពេញ)៖ ក្រុមហ៊ុន LDI Enterprise ltd នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានបើកសម្ពោធហាងនាឡិកាថ្មីម៉ាក G-SHOCK CASIO ថ្មីមួយទៀតហើយ នៅផ្សារទំនើប The Bridge Life styles mall ដោយបាននាំចូលផលិតផលនាឡិកាដៃម៉ូដែលថ្មីៗរបស់ប្រទេសជប៉ុន ជាច្រើនប្រភេទទៀត សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។

ពិធីបើកសម្ពោធដំណើរការហាងលក់នាឡិកានេះ បានប្រារព្ធឡើងនៅផ្សារទំនើប The Bridge Life Styles mall ដោយមានអ្នកចូលរួមយ៉ាងច្រើនផងដែរ។ អ្វីដែលពិសេស ក្រុមហ៊ុនក៏នឹងផ្ដល់ការបញ្ចុះតម្លៃដ៏ពិសេសជូនអតិថិជនដោយរាល់ការជាវនាឡិកាម៉ាក G-Shock , Baby-G , Edifice , PROTREK , SHEEN, និង Casio General។

លោកស្រី គួច ណាវី នាយកប្រតិបត្តិក្រុមហ៊ុន LDI Enterprise ltd បានឱ្យដឹងថា ចាប់តាំងពីដំណើរការក្រុមហ៊ុន LDI Enterprise ltd រហូតមកដល់ពេលនេះគឺ មានរយៈពេល ២៦ឆ្នាំមកហើយ ព្រមទាំងទទួលបានទំនុកចិត្តចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរណ៍ជូនអតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។ បច្ចុប្បន្ន CASIO កំពុងទទួលបានការគាំទ្រជាខ្លាំងក្នុងប្រទេសកម្ពុជា ហើយស្របពេលកំណើនសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពសមរម្យ រស់នៅជាមួយភាពទាន់សម័យ។

លោកស្រី គួច ណាវី បានរំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់នាឡិកាដ៏ទំនើបរបស់ជប៉ុនមួយនេះ។ លើសពីនេះទៅទៀត លោកស្រី គួច ណាវី បានបន្ថែមថា ក្រុមហ៊ុន LDI Enterprise LTD មានគម្រោងពង្រីកសាខាចំនួន៤កន្លែងបន្ថែមទៀត ក្នុងឆ្នាំ២០១៩នេះ ដែលស្ថិតនៅទីតាំងដូចជា OLYMPIA MALL, FURI SIHANOUKVILLE, EXCHANGE SQUARE, និង CHIPMONG NORO MALL។

លោក Atsushi Yamaoka អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន CASIO បានឱ្យដឹងដែរថា នៅលើទីផ្សារមានផលិតផលជាច្រើនម៉ាក ច្រើនម៉ូត ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីឱ្យអតិថិជនយល់ដឹង ក៏ដូចជាស្គាល់ផលិតផលរបស់ខ្លួន G-SHOCK CASIO បានពង្រឹងគុណភាពកាន់តែខ្លាំងឡើងថែម ដើម្បីផ្ដល់ជូនអតិថិជនទូទាំងសកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ជាក់ស្ដែងហាងលក់នាឡិកាដៃម៉ាក G-SHOCK CASIO ដ៏ទំនើបThe Bridge Life styles mall នៃខុនដូរ The Bridge នេះគឺជាការបង្ហាញឱ្យអតិថិជនបានស្គាល់កាន់តែច្បាស់ នូវម៉ាកផលិតផលរបស់យើង។

លោកក៏បានបន្តថា សព្វថ្ងៃនេះផលិតផលរបស់ G-SHOCK CASIO មានវត្តមាននៅបណ្ដាប្រទេសប្រមាណជាង ៦០នៅលើពិភពលោក ហើយសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ ក៏មានសកម្មភាពល្អប្រសើរបើមិនដូចនេះទេ ក៏យើងមិនអាចបើកហាងជាបន្តបន្ទាប់បានដែរ៕