(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោក អភិបាលខេត្តចិត្តធម៌ តែងតែចុះតាមមូលដ្ឋាន ព្រួយបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទោះបីជាថ្ងៃចុងសប្តាហ៍ក្តី លោក ជាម ច័ន្ទសោភ័ណ ដែលជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមទាំងសហការី បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារជនងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៧គ្រួសារ នៅបរិវេណវត្តវិហារលួង ក្នុងក្រុងសួង ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយសម្រាលការលំបាកសម្រាប់ ចែកជូនប្រជាពលរដ្ឋទាំងអស់។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងលើកទឹកចិត្តបងប្អូនទាំងអស់ បង្កើនក្តីសង្ឃឹម ព្រោះថាបងប្អូនមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតែបារម្ភយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះបងប្អូន ផ្តល់ភាពកក់ក្តៅ ជូនពលរដ្ឋគ្រប់ៗរូប ដោយមិនរើសអើងពូជសាសន៍ សាសនា រឺនិន្នាការនយោបាយអ្វីនោះឡើយ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់អាជ្ញាធរក្នុងមូលដ្ឋានមេឃុំមេភូមិ ត្រូវប្រមូលព័ត៍មានថា ប្រជាពលរដ្ឋណាខ្លះដែលក្រីក្រលំបាក និងជួបបញ្ហានានា សូមរាយការណ៍ទៅអភិបាលក្រុងស្រុក រឺលោកផ្ទាល់ ដើម្បីឲ្យលោកបានដឹង និងជួយបងប្អូនទាន់ពេលវេលា ដោយមិនទុក្ខឲ្យនៅកំព្រា រងារម្នាក់ឯងនោះឡើយ។

បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជា ណារ៉ុន អភិបាលក្រុងសួង ឲ្យដឹងថា ចំពោះអំណោយដែលចែកជូនទាំង៥៧គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ប្រេងឆា២ដប អាវយឺត៥អាវ និងថវិការ៥ម៉ឺនរៀល ព្រមទាំងឈើច្រត់ចំនួន២ ដល់បងប្អូនជាជនពិការផងដែរ។

ជាមួយគ្នានោះដែរ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ក៏បានសំណេះសំណាល និងផ្តល់ជូននូវថវិកា មួយចំនួន ដល់ចៅអធិការវត្តវិហារលួង និងតាជីយាយជី ដើម្បីរួមគ្នាទ្រទ្រង់វិស័យសាសនា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាបេះដូងសន្តិភាព តាមរយៈការអប់រំផ្លូវចិត្តដល់ពលរដ្ឋ នៅទីអារាមមួយនេះ៕