(កំពង់ចាម)៖ ក្នុងឱកាសបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើម ឆ្នាំ២០១៩ និងការគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្ស នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ជូនដល់សមាជិកបក្សទាំងអស់ បន្ដខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព បំពេញទៅគោលការណ៍ណែនាំ ដើម្បីធ្វើយ៉ាងណាបម្រើ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា «យើងត្រូវតែប្ដេជ្ញារួមគ្នា សាមគ្គីពង្រឹងកម្លាំង យ៉ាងសកម្មក្នុងការធ្វើកិច្ចការងារ ដើម្បីក្ដាប់ឱ្យជាប់នូវសំណូមពរចាំបាច់ ទៅតាមតំរូវការ និងក្ដីកង្វល់របស់ប្រជាជន ដើម្បីចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយធានាថា ត្រូវរួមសុខ រួមទុក្ខ ជាមួយពលរដ្ឋយើងគ្រប់កាលៈទេសៈ»

លោកបន្តថា សូមមន្ដ្រីរបស់យើងទាំងអស់ ត្រូវរួមគ្នាលុបបំបាត់ភាពអសកម្ម និងអំពើពុករលួយ ក្រៅពីខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ គឺត្រូវសាមគ្គីគ្នា គឺជាកម្លាំងចលករ ក្នុងការជំរុញប្រសិទ្ធិភាពការងារឱ្យទទួលបានជោគជ័យ។

ជាងនេះទៅទៀត ដើម្បីឆ្លើយតប និងស្របទៅតាមឆន្ទៈ និងគោលមាគ៌ានយោបាយដ៏ត្រឹមត្រូវបំផុត របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនទាំងអស់ ត្រូវខិតខំប្រឹងប្រែង យកចិត្ដទុកដាក់ធ្វើការងាររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរជាងមុន សំដៅលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនកម្ពុជា ឱ្យបានធូរធារ និងថែរក្សាឱ្យ និងរក្សាឱ្យបាននូវសុខសន្ដិភាពដ៏កម្រមួយនេះ។

តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងបញ្ជាក់ទៀតថា «បងប្អូនយើង ត្រូវបន្ដអនុវត្ដបន្ដមួយកម្រិតទៀត ក្នុងការយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ រហ័សនិងទាន់ពេលវេលា, ត្រូវយកចិត្តទុកដាក់សហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីនាំមកនូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន ក៏បានជំរុញដល់សមាជិកបក្សទាំងអស់ ត្រូវចុះប្រមូលនូវរាល់ព័ត៌មាន ដែលជាបញ្ហាប្រឈម សំណូមពរនឹងសំណើរបស់បងប្អូនប្រជាពលរដ្ឋ យកមកពិនិត្យ និងដោះស្រាយទៅតាមលទ្ធភាពដែលខ្លួនមាន និងរាយការណ៍ជូនថ្នាក់លើ ពិសេសត្រូវចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕