(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបាននិងកំពុងនៅទីតាំងអគ្គិភ័យ ដែលឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានបញ្ជាក់ឲ្យដឹងថា អគាររោងចក្រផលិតពូកនេះ ត្រូវបានអាជ្ញាធរគ្រោងនឹងវាយកម្ទេចចោល ប៉ុន្តែរង់ចាំការសិក្សាពីផលប៉ះពាល់នានា រយៈពេល ២ទៅ៣ថ្ងៃសិន។

បើតាមសេចក្តីរាយការណ៍ដដែល គិតមកត្រឹមម៉ោងជាង១១ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មិនទាន់រលត់ទេ ហើយសមត្ថកិច្ចកំពុងបន្តបាញ់ពន្លត់នៅឡើយ ខណៈអគារត្រូវបានឆេះខូចខាតទាំងស្រុង។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទីតាំងអគ្គិភ័យគេឃើញវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពគ្រោះអគ្គិភ័យនេះ។ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ និងវិស្វករជំនាញ ដើម្បីសិក្សាពីផលប៉ះពាល់នានា ជុំវិញបញ្ហាឆាបឆេះអគារផលិតពូកនេះ។

គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែសីហាម្សិលមិញមកម្ល៉េះ ដែលផ្តើមឆេះ ចេញពីរោងចក្រសិប្បកម្មផលិតពូក ទើបរាលដាលដល់អាគារ ចំនួន៣ទៀតនៅជាប់នោះ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News អគ្គិភ័យបាននិងកំពុងឆាបឆេះត្រឹមតែទីតាំងដដែលមិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន៕