(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (ZAE) របស់ខេត្តហឺណាន ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅក្រុង Zhengzhou នាពេលខាងមុខនេះ។

នេះជាការបញ្ជាក់ក្នុងឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Ma Jian អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (Zhengzhou Airport Economic Zone-ZAEZ) នៃខេត្តហឺណាន និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ អមជាមួយនឹងវត្តមានលោក Zhan Yuhong ស្ថានតំណាងទេសចរណ៍ប្រចាំទីក្រុង Zhengzhou ខេត្តហឺណាន។

ជំនួបពិភាក្សានេះធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងខេត្តហឺណាន និងកម្ពុជា។

ការជួបពិភាក្សានេះ ផ្តោតសំខាន់ទៅលើចំណុចសំខាន់ដូចជា៖

*ទី១៖ ជំរុញការតភ្ជាប់ជើងហោះហើរពីខេត្តហឺណានមកកម្ពុជា ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងទេសចរ ក៏ដូចជាទំនិញ
*ទី២៖ អាស្រ័យដោយខេត្តហឺណាន ជាខេត្តដែលមានប្រជាជនច្រើនរហូតប្រមាណ ១០០លាននាក់ អង្គប្រជុំក៏ឯកភាពនិងទទួលស្គាល់ភាពចាំបាច់ក្នុងការជំរុញ និងពិនិត្យលទ្ធភាពបង្កើតស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តហឺណាន
*ទី៣៖ ការពិភាក្សាលើវិស័យសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗផ្សព្វផ្សាយទេសចរណ៍រួមគ្នានៃសក្តានុពលទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសត្រៀមសហការរៀបចំពិធីបិទព្រឹត្តិការណ៍ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ផងដែរ
*ទី៤៖ ភាគីទាំងពីរក៏បានឯកភាពនៅថ្ងៃអនាគត នឹងជំរុញឲ្យមានការចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (ZAE) របស់ខេត្តហឺណាន។

សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តមួយរបស់ប្រទេសចិនដែលសម្បូរដោយបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដូចជាវត្តសាវឡិញ Mt. Songshan's Shaolin Temple ព្រះវិហារ Xiangguo Monastery ជាដើម៕