(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ លំនៅឋានអារ៉ាខាវា នឹងបែកចានស្រាក់ចំនួន១,០០០ ជូនដល់អ្នកចូលរួមសាងសង់លំនៅឋាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នៅទីតាំងសាងសង់ផ្ទាល់ ដែលស្ថិតនៅផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ដល់ម៉ោង៧ព្រឹក។

លោក អៀង សុធារ៉ា សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ាបានឱ្យដឹងថា ពិធីបែកចានស្រាក់ចំនួន១,០០០នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួនបី គឺទី១៖ គឺដើម្បីបង្កើនការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់ប្លាស្ទិកចំពោះសុខភាព, ទី២៖ ដើម្បីបង្កើនការយល់ដឹង ពីគ្រោះថ្នាក់នៃការប្រើប្រាស់ប្លាស្ទិកចំពោះបរិស្ថាន, ទី៣៖ ដើម្បីសម្តែងនូវកត្តញ្ញកតវេទី ចំពោះអ្នកចូលរួមសាងសង់លំនៅឋានអារ៉ាខាវាទាំងអស់។

លោក អៀង សុធាវ៉ា បានបញ្ជាក់ថា អ្វីៗទាំងអស់ដែលក្រុមហ៊ុនអារ៉ាខាវា បាននឹងកំពុងធ្វើនេះ គឺដើម្បីសុខភាពផ្លូវកាយនិងផ្លូវចិត្ត ហើយដើម្បីសុភមង្គលបុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។ ថង់ប្លាស្ទិក និងប្រអប់ស្នោ ត្រូវបានគេប្រើប្រាស់សម្រាប់ច្រក ឬវេចខ្ចប់របស់របរផ្សេងៗ ដែលរួមទាំងម្ហូបអាហារផងដែរ ការបរិភោគអាហារ ដែលច្រកនៅក្នុងថង់ប្លាស្ទិក​ឬចានស្នោ ជាពិសេសអាហារដែលក្តៅ គឺអាចធ្វើឱ្យប៉ះ ពាល់ដល់សុខភាពខ្លាំង។

សូមជម្រាបជូនថា លំនៅឋានអារ៉ាខាវ៉ា មានចំនួន៨ប្លុក ត្រូវជា១៦អគារ ហើយមាន២៩៦០យូនីត ក្រោមទុនវិនិយោគជាង៧០លានដុល្លារ លើផ្ទៃដីទំហំជាង១៣,៦៨០ម៉ែត្រក្រឡា។ លំនៅឋានអារ៉ាខាវា ជាគម្រោងលំនៅឋានបែបខុនដូ តម្លៃសមរម្យរបស់ក្រុមហ៊ុនជប៉ុន ដែលមានតម្លៃចាប់ពី២៨,០០០ដុល្លារឡើងទៅ ហើយបង់ប្រាក់ក្នុង
មួយខែចាប់ពី២៧៣ដុល្លារឡើងទៅ សក្តិសមសម្រាប់ប្រជាជនកម្ពុជាដែលមានចំណូលមធ្យម៕