(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង (CDX) នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា (IAC) រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការរួបរួមគ្នាដើម្បីភាពល្អប្រសើរនៃវិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង» ក្រោមការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រុមហ៊ុនហិរញ្ញវត្ថុធំៗផងដែរ។

សិក្ខាសាលានេះមានការចូលរួមពីក្រុមហ៊ុនធំៗ២ មកពីផ្នែកពីរផ្សេងគ្នាគឺ វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង ដោយបានពួតដៃគ្នាផ្តួចផ្តើមផ្សព្វផ្សាយអំពីការវិនិយោគ។
សិក្ខាសាលានេះរៀបចំឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវតំណភ្ជាប់ និងឱកាសអាជីវកម្មសម្រាប់វិស័យធានារ៉ាប់រង។

សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងអំពី ការវិនិយោគក៏ដូចជាជំនាញព្រមទាំងបង្ហាញពី ជម្រើសផ្សេងៗនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការជួញដូរ ដែលនាំឲ្យទទួលបានប្រាក់ចំណេញខ្ពស់។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX បានសម្តែងក្តីត្រេកអរចំពោះកិច្ចសហការរវាង ក្រុមហ៊ុន CDX និងសមាគមធានារ៉ាប់រងកម្ពុជា និងជឿជាក់ថានេះជាឱកាសវិនិយោគ និងជាលទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការ រវាងវិស័យទាំងពីរដែលអាចបង្កើនឱកាសវិនិយោគ ឲ្យកាន់តែទូលំទូលាយ។

លោក Lawrence Kook ក៏បានថ្លែងអំណរគុណចំពោះលោក ស៊ូ សុជាតិ ដែលផ្តល់នូវកិត្តិយស ក្នុងការបើកសិក្ខាសាលា សម្រាប់កិច្ចដឹកនាំ និងកិច្ចចូលរួមក្នុងការអភិវឌ្ឍន៍ ទីផ្សារឧករណ៍និស្សន្ទ ហើយនេះក៏ជាមូលដា្ឋនគ្រឹះដែលអនុញ្ញាតឲ្យ ក្រុមហ៊ុនឧបកណ៍និស្សន្ទមានភាពរួចរាល់ សម្រាប់ពង្រីកវិសាលភាពអាជីវកម្ម និងដៃគូរសហការ។

ការផ្តល់ចំណេះដឹងដល់សាធារណៈជន ក៏ដូចជាវិស័យមួយចំនួនទៀតអំពីចំណេះដឹង និងជំនាញនៃការវិនិយោគ ជាបេសកកម្មចំបងរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង (CDX)។ កាលពីឆ្នាំ២០១៨កន្លងទៅក្រុមហ៊ុន CDX ជាក្រុមហ៊ុនសមភាគីកណ្តាលទី១ដែលមានវត្តមាន នៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលា តាមបណ្ដាខេត្តជាមួយគណៈកម្មការមូលបត្រកម្ពុជា។

ឆ្នាំនេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង មានគោលដៅរៀបចំសិក្ខាសាលាទៅកាន់ គ្រប់បណ្ដាខេត្តក្រុងទាំងអស់នៅកម្ពុជា ឲ្យកាន់តែមានភាពទូលំទូលាយនឹងចូលរួម ក្នុងពិពរ័ណ៌ខ្នាតអន្តរជាតិដ៏ធំមួយនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនៅខែខាងមុខនេះផងដែរ៕