(ភ្នំពេញ)៖ គណបក្សនយោបាយ មន្រ្តីតុលាការ និងតំណាងសង្គមស៊ីវិល បានយល់ថា ការបង្កើតឱ្យមានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ នឹងជួយលើកស្ទួយវិស័យតុលាការ ឱ្យកាន់តែមានភាពយុត្តិធម៌ បានប្រសើរឡើងថែមទៀត។

លោក គង់ មុនិកា ប្រធានគណបក្សឆន្ទៈខ្មែរ បានបង្ហាញក្តីរីករាយចំពោះការបង្កើន សាលាឧទ្ធរណ៍កម្ពុជាពេលនេះ ដែលនឹងដើរតួជាសាលាឧទ្ធរណ៍តាមភូមិភាគ អនុញ្ញាតឱ្យប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា ធ្វើដំណើរមករកសេវាយុត្តិធម៌ បានប្រសើរជាងការមករាជធានីភ្នំពេញ។ ការស្វែងរកសេវាយុត្តិធម៌ នៅសាលាឧទ្ធរណ៍ភ្នំពេញ ធ្វើឱ្យការចំណាយពេលវេលា និងចំណាយថវិកាអស់ច្រើន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គណបក្សឆន្ទៈខ្មែរ បានស្នើសុំឱ្យបង្កើតបន្ថែម នូវសាលាឧទ្ធរណ៍នេះដែរ។ ដូច្នេះវាសមស្របទៅនឹងគោលនយោបាយ របស់ក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលដែរ ឥឡូវជាលទ្ធផលវិជ្ជមាន ដែលបង្កើតឱ្យមានសាលាឧទ្ធរណ៍នេះ ដូច្នេះហើយខ្ញុំពិតជាមានក្តីរីករាយ ចំពោះការបង្កើតនេះដែរ»

លោកបានគិតថា កម្ពុជាគួរតែមានសាលាឧទ្ធរណ៍តំបន់បន្ថែមទៀតដែរ។ ទោះជាយ៉ាងណា ប្រធានគណបក្សនយោបាយរូបនេះ បង្ហាញទស្សនៈថា សង្គមយើងមិនអាចធ្វើអ្វីបាន ចំពោះការចង់បានភ្លាមៗនោះទេ។

ជាមួយគ្នានេះដែរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏សាទរចំពោះការបង្កើតសាលាឧទ្ធរណ៍ភ្នំពេញ តំបន់ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ។ លោកកត់សម្គាល់ថា ការបង្កើតនេះជាដំណើរការត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋ ងាយទៅរកសាលាឧទ្ធរណ៍នៅតាមតំបន់ ចៀសវាងការប្រើពេលវេលា ហើយនេះជាការបង្កើតសេវាច្បាប់ទៅដល់ទីកន្លែង ហើយធ្វើឱ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការតតាំងក្តីក្នុងតំបន់នោះ។

បើតាមលោក ពេជ្រ ស្រស់, សាលាឧទ្ធរណ៍ទាំង៤នេះ គ្រប់គ្រាន់ហើយសម្រាប់បរិបទបច្ចុប្បន្ននេះ។ លោកថ្លែងបន្តថា ការបង្កើតសាលាឧទ្ធរណ៍ថ្មីនេះ គឺជាការស្ទាបស្ទង់ការអនុវត្តច្បាប់ ហើយបើសិនជាការអនុវត្ត មានភាពល្អប្រក្រតី ទើបគេអាចបង្កើត នៅតំបន់ដទៃទៀតបាន។

លោកបញ្ជាក់ថា «ចំពោះមុខរឿងក្តីយើងវាច្រើនដែរ វាដាច់ចាល់ពេលនេះមិនអាចធ្វើការដោះស្រាយ ឱ្យបានទាន់ពេល។ ជំហានទី១នេះ ការបង្កើតត្រឹមប៉ុណ្ណេះសិនជាការស្ទង់ស្ទាបថា សាលាឧទ្ធរណ៍តាមតំបន់នោះ មានភាពល្អប្រក្រតី ឬក៏មានការខ្វះខាតអ្វីហើយឬនៅ ប្រសិនបើវារលូន យើងអាចបង្កើតនៅតំបន់ដទៃទៀត ដែលយើងមើលឃើញថា មានរឿងក្តីដាច់ចាល់ខ្លាំង យើងបង្កើតនៅតំបន់ដទៃទៀត»

ប្រធានគណបក្សយុវជន បានបន្ថែមថា ការបង្កើតសាលាឧទ្ធរណ៍ទាំងនេះដែរ ធ្វើឱ្យប្រជាពលរដ្ឋ មានផលប្រយោជន៍ចំនួន២។ លោកអះអាងថា ទី១ ប្រជាពលរដ្ឋ នឹងមានសេវាច្បាប់ មានកន្លែងកាត់ក្តីចល័តដល់ទីតាំង មិនពិបាកធ្វើដំណើរ មិនពិបាករកអ្នកច្បាប់ជូនគាត់ និងទី២ ប្រជាពលរដ្ឋនឹងមានសង្ឃឹម ពេលសាលាឧទ្ធរណ៍ទៅដល់កន្លែងពួកគាត់ សម្រាប់រកអ្នកច្បាប់ ហើយអ្នកច្បាប់ក៏មិនអាចរំលោភបំពាន ពួកគាត់តាមអំពើចិត្តទេ មានន័យថា កាត់ការក្តីតាមតំបន់ គឺកាត់នៅមុខមហាជនជាច្រើន ដែលនៅតំបន់នោះ មិនអាចបិទបាំងភ្នែកមហាជនបានទេ។

លោក ពេជ្រ ស្រស់ បញ្ជាក់បន្តថា «អញ្ចឹងវាជាការពង្រឹងការអនុវត្តច្បាប់ និងតម្លាភាពប្រព័ន្ធច្បាប់ ក្នុងតំបន់ផងដែរ»

ដោយឡែក លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានស្វាគមន៍ចំពោះការបង្កើតសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់៣ទៀត ដោយបានបង្ហាញសុទិដ្ឋិនិយមថា វាមានផលប្រយោជន៍ច្រើន ទាក់ទងនឹងកិច្ចការដំណើរការរឿងក្តី អាចបានឆាប់រហ័ស និងបានលឿនជាងមុខ។ ទោះជាយ៉ាងណា លោកព្រះរាជអាជ្ញា យល់ថា សាលាឧទ្ធរណ៍ទាំង៤នេះ គ្រាន់គ្រាន់សមរម្យហើយ ដើម្បីឆ្លើយតបនឹងបរិបទសង្គមសព្វថ្ងៃ ។

លោក សៀង សុខ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទស្សនៈរបស់ខ្ញុំ គឺគាំទ្រ ប្រជាពលរដ្ឋទទួលបានប្រយោជន៍ច្រើន ជាពិសេសអ្នកដែលមានរឿងក្តី ត្រូវដំណើរការនៅរាជធានីភ្នំពេញ ឥឡូវយើងចែកតាមតំបន់ អញ្ចឹងជាការមួយកាត់បន្ថយសំណុំរឿង ដែលកកស្ទះ...។ ជាគំនិតខ្ញុំវាសមល្មមហើយ ព្រោះយើងមានឧទ្ធរណ៍តំបន់ ដូចចែកជាភូមិភាគអញ្ចឹង»

លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ក៏បានអបអរសាទរ ដែលព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថលេខាបង្កើត សាលាឧទ្ធរណ៍ថ្មីៗឡើង ដោយសារតែកន្លងមក រឿងក្តីតែងតែត្រូវបញ្ជូន ទៅរាជធានីភ្នំពេញ។ លោកថ្លែងថា ការបញ្ជូនរឿងក្តីឧទ្ធរណ៍ ទៅរាជធានីភ្នំពេញវាឆ្ងាយ ហើយមួយទៀត ករណីមានជនជាត់ចោទ ក្នុងពន្ធនាគារជាដើម ធ្វើឱ្យពិបាកខាងពន្ធនាគារទៀតផង។

លោកបញ្ជាក់ថា «ការបញ្ជូនជនជាប់ចោទពីពន្ធនាគារឆ្ងាយៗ ឧទារណ៍ដូចជា ខេត្តប៉ៃលិន បញ្ជូនទៅជម្រះនៅភ្នំពេញ ខាងពន្ធនាគារវាលំបាក។ អញ្ចឹងការបង្កើតសាលាឧទ្ធរណ៍តំបន់ ឧទាហរណ៍ដូចជា បាត់ដំបង ខាងពន្ធនាគារបាត់ដំបង បញ្ជូនទៅវាចំណាយពេលខ្លី»

សម្រាប់ខាងសង្គមស៉ីវិលវិញ គឺបានអបអរសាទរ និងកោតសរសើរ ចំពោះការបង្កើតសាលាឧទ្ធរណ៍ថ្មីៗបន្ថែមទៀត។ លោក សឺន សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកយល់ថា វានឹងធ្វើឱ្យសំណុំរឿងមិនកកស្ទះ និងលើកស្ទួយសិទ្ធិមនុស្សផងដែរ។

លោក សឺន សែនករុណា បានថ្លែងថា កន្លងមកវាមានការលំបាកច្រើន ដល់ប្រជាពលរដ្ឋ ដែលមានរឿងនៅតាមបណ្តាខេត្ត ត្រូវការចំណាយពេលវេលា និងចំណាយថវិកាអស់ច្រើន ដើម្បីឡើងមករាជធានីភ្នំពេញ។ សំណុំរឿងរបស់ប្រជាពលរដ្ឋ មានច្រើនគរនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ទាំងសម្រាប់ភាគីដើមចោទ និងចុងចម្លើយ ព្រមទាំងភាគីពាក់ព័ន្ធនានាផងដែរ។

លោក សឺន សែនករុណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា មានសាលាឧទ្ធរណ៍ច្រើន នឹងមានការកែសម្រួល ទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីដែលអនុវត្តន៍ច្បាប់ហ្នឹងដែរ អាចនឹងធ្វើឱ្យមានភាពល្អប្រសើរជាងមុន សំណុំរឿងមិនសូវមានការកកស្ទះ ហើយខ្ញុំមិនដឹងថា តើការរៀបចំប្រព័ន្ធមន្ត្រី ឬក៏បុគ្គលិកបម្រើការហ្នឹង អាចមានភាពគ្រប់គ្រាន់ឬទេ មានត្រៀមលក្ខណៈហើយឬនៅ? អាហ្នឹងយើងអត់ទាន់បានដឹង ប៉ុន្តែយ៉ាងហោចណាស់ យើងមានព័ត៌មានថា បានចេញនូវសាលាឧទ្ធរណ៍ថ្មី ជារឿងមួយល្អច្រើន ជារឿងមួយយើងចង់បាន មិនចង់ឃើញប្រជាពលរដ្ឋ នៅតែចុះឡើងនៅរាជធានីភ្នំពេញ ដែលចំណាយច្រើន។

បើតាម លោក សឺន សែនករុណា លោកចង់ឱ្យមានសាលាឧទ្ធរណ៍បន្ថែមទៀត។ លោកចង់ឃើញមានសាលាឧទ្ធរណ៍ច្រើន ដើម្បីឱ្យវាក្លាយជាចំណុចកណ្តាលមួយ ដែលអាចសម្រួលដល់ប្រជាពលរដ្ឋ ងាយស្រួលស្វែងរកសេវាយុត្តិធម៌ ដែលនៅក្បែរខ្លួនពួកគាត់។

លោកគូសបញ្ជាក់ថា «ខ្ញុំគិតថា បើយើងពិនិត្យមើលទៅចំនួនខេត្ត-ក្រុង ដូចថាវាមិនទាន់មានភាពគ្រប់គ្រាន់ទេ យ៉ាងហោចណាស់ខ្ញុំយល់ថា យើងគួរតែបន្ថែមខ្លះទៀត យ៉ាងហោចណាស់ មាន៥តំបន់ ព្រោះយើងឃើញថា យោធាគេមានភូមិភាគ១ ដល់៥។ ការបែងចែកអញ្ចឹងទៅ វាជាចំណុចកណ្តាលមួយ... អាចសម្រួលឱ្យពួកគាត់ បានឡើងចុះកៀកជាងមុន ព្រោះសាលាឧទ្ធរណ៍ទាំង៤ ខ្ញុំគិតថាមានខេត្តខ្លះវារាងឆ្ងាយបន្តិច»

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបង្កើត ឱ្យមានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍នៅក្នុងតំបន់ ចំនួន ៣បន្ថែមទៀត គឺតំបន់ត្បូងឃ្មុំ តំបន់បាត់ដំបង និងតំបន់ព្រះសីហនុ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋតាមខេត្តនីមួយៗ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

សាលាឧទ្ធរណ៍ទាំង៤ នៅពេលខាងមុខនេះ នឹងត្រូវបែងចែកតំបន់គ្នា ក្នុងការទទួលសំណុំរឿង ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០តទៅ។ នេះបើតាមលោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងបន្ថែម។

តាមព្រះរាជក្រឹត្យព្រះមហាក្សត្រ គឺសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមក ខណៈតំបន់សាលាឧទ្ធរណ៍នៅតាមតំបន់ផ្សេងទៀតនោះ សម្រាប់ទទួលការ ដោះស្រាយលើសំណុំរឿងរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនៅតំបន់ក្បែរៗនោះ។

សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ៖

*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
*សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
*សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
*សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ
*សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
*សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
*សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
*សាលាដំបូងខេត្តព្រៃវែង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង
*សាលាដំបូងខេត្តស្វាយរៀង និងអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង
*សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូលបានបង្វិលមកវិញ។

សាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង ត្រូវទទួលដោះស្រាយ៖

*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
*សាលាដំបូងខេត្តពោធិ៍សាត់ និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
*សាលាដំបូងខេត្តបាត់ដំបង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
*សាលាដំបូងខេត្តប៉ៃលិន និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន
*សាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
*សាលាដំបូងខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
*សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ។

សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ត្រូវទទួលដោះស្រាយ៖

*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តី សម្រេចនានារបស់សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវ
*សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត
*សាលាដំបូងខេត្តកំពង់ស្ពឺ និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ
*សាលាដំបូងខេត្តកោះកុង និងអយ្យការអមសាលាដំបូងខេត្តកោះកុង
*សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ៕