(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមជាមួយលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចុះប្រគល់ផ្ទះថ្មីខ្នងទី១២៩ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនលោកស្រី អោក សាវិន បច្ចុប្បន្នរស់នៅភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រី អោក សាវិន មានអាយុ៥៩ឆ្នំា មានកូនចំនួន២នាក់នៅក្នុងបន្ទុក ដែលត្រូវជាភរិយាលោកពលបាលឯក ឡុង ហឿន ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពកងពលតូចលេខ១២ចាស់ ឈរជើងនៅតំបន់អានសេះ ស្រុកជាំក្សាន្តខេត្តព្រះវិហារ ហើយបានពលីជីវិត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ ដោយសារជាន់មីនដាច់ជើងទាំងពីរនៅសមរភូមិអានសេះ។ លោកស្រី អោក សាវិន បច្ចុប្បន្នប្រកបមុខរបរ លក់នំចំណីបន្តិចបន្តួច នៅក្នុងសាលារៀនគ្រាន់បានប្រាក់ចិញ្ចឹមជីវិត និងឧបត្ថម្ភកូនៗរៀនសូត្រ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅថ្ងៃនេះមានទំហំ ៦ម៉ែត្រ X៤ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី រនាបនឹងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ ៧,៨៩៥,០០០រៀល។

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះដែរ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានពាំនាំនូវអំណោយរបស់លោកឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនលោកស្រី អោក សាវិន បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន២យួរ និងថវិកាចំនួន ២០០,០០០ រៀល។

អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ អតីតយុទ្ធជនពលី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងសូមគាំទ្រសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត៕