(ភ្នំពេញ)៖ បុគ្គលិកអង្គការ «សុវណ្ណកុមារ» កម្ពុជា នាំគ្នាតវ៉ាតាមផ្លូវច្បាប់ ទៅដល់ក្រុមមេធាវីការពារក្តី ហើយបន្ទាប់ពីពួកគេជាង ២០នាក់ ត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់។ ការប្រមូលផ្តុំគ្នា ធ្វើការតវ៉ានេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅថ្មីៗនេះ។

មណ្ឌលថែទាំកុមារ «សុវណ្ណកុមារ» កម្ពុជា មានទីតាំងតាមបណ្តាយផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ មានកុមារប្រមាណជាង ៥០នាក់ កំពុងស្នាក់នៅនាពេលបច្ចុប្បន្ន ហើយបានចុះអនុស្សរណៈ នៅក្រសួងការបរទេស កាលពីអំឡុងខែមករា ឆ្នាំ២០០៤។

លោក ហុច ឌិនហួរ ទីប្រឹក្សាច្បាប់ និងជានាយកចាត់ការ និងរដ្ឋបាលនៃការិយាល័យមេធាវី យុត្តិធម៌ និងសហការី បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងពីតំណាង១៤រូប សុំអន្តរាគមន៍ជួយដល់ជនរងគ្រោះជាង ៣០នាក់ ដែលបានបណ្តេញពីការងារនៅមណ្ឌលថែទាំកុមារ «សុវណ្ណកុមារ» កម្ពុជា ទាំងរំលោភបំពានពីសំណាក់ជនជាតិអាមេរិក ឈ្មោះ ប្រេត ហ្គោដុន BRAD GORDON ដែលអះអាងថា ខ្លួនជាមេធាវី តំណាងឱ្យម្ចាស់ជំនួយនៅក្រៅស្រុក។

ប៉ុន្តែបើតាមលោក ហ៊ុន សារ៉ាត់ អាយុ៣៨ឆ្នាំ បានថ្លែងថា ការបណ្តេញបុគ្គលិកចេញដោយគ្មានមូលហេតុអ្វីទាំងអស់ គឺជាការរំលោភសិទ្ធិរបស់ពួកគាត់។ លោកបន្តថា «គេមិនបានប្រាប់អ្វី ដល់ពួកយើងសោះ ស្រាប់តែមកបង្ខំឱ្យចេញ។ តើពួកយើងមានកំហុសអ្វីដែរ»?។ លោកបន្តថា «គេនិយាយថា ចាំទូទាត់ប្រាក់អតីតភាពការងារ តែយើងចង់រក្សាការងារដដែល មិនចង់បាត់បង់ការងារ ឬបាត់បង់កន្លែងការងារនេះទេ»។

លោក ហុច ឌិនហួរ បានអះអាងថា ក្រុមមេធាវី ការពារក្តីកំពុងសិក្សាលើសំណុំរឿងនេះ តាមផ្លូវច្បាប់ ហើយបន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ។ លោកបន្តថា មណ្ឌលថែទាំកុមារនេះ មានម្ចាស់មូលនិធិ ឈ្មោះ Elizabath Ross Johnson ជាអ្នកឧបត្ថម្ភទាំងថវិកា និងសម្ភារតាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៧ តែលោកស្រី Elizabath Ross Johnson បានទទួលមរណភាព កាលពីអំឡុងឆ្នាំ២០១៧ ហើយលោក សុធា អរុណ ជាសហស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌលនេះ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោមជនរងគ្រោះ ទាំងនោះផងដែរ ហើយរាល់ការចេញចូលរបស់បុគ្គលិកដែលនៅសេសសល់ និងកូនៗទាំងអស់ត្រូវបានរឹតបន្តឹង ដោយមិនមានសេរីភាពដូចមុនឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោក Brad Gordon អាយុ៤៩ឆ្នាំ ជនជាតិអាមេរិក សញ្ជាតិអាមេរិក បានហៅលោក សុធា អរុណ ដែលជាស្ថាបនិក «សុវណ្ណកុមារ» ចេញទៅក្រៅដើម្បីជួបមេធាវី ដើម្បីធ្វើ MOU ជាមួយគ្នា។ តែតាមពិតមិនមានការណាត់ជួបដូចអ្វី ដែលបានសន្យាទេ ដោយគេប្រាប់ថា អ្នកមិនអាចត្រលប់ចូលធ្វើការវិញបានទេ។

លោក Brad Gordon បានចូលមកភូមិ «សុវណ្ណកុមារ» ជាមួយនឹងក្រុមសន្តិសុខឯកជន ១ក្រុម ប្រហែលជាង ៣០នាក់ មកដេញបុគ្គលិកការិយាល័យ និងបុគ្កលិកសន្តិសុខ និងអ្នកបើកបរ អនាម័យចេញមិនស្របទៅតាមគោលការណ៍ច្បាប់។ ក្នុងពេលនោះ គាត់មិនអនុញ្ញាតឱ្យនណាម្នាក់យកឯកសារ ឬរបស់ផ្សេងៗចេញទេ គាត់និយាយទៅកាន់បុគ្គលិកថា «ចាំគាត់បើកប្រាក់ខែឱ្យ» តែមិនមានឯកសារ និងលិខិតផ្លូវច្បាប់ណាមួយច្បាស់លាស់ទេ។ គាត់មិនអនុញ្ញាតឱ្យបុគ្គលិកដែលគាត់បញ្ឈប់នោះចេញចូលក្នុងបរិវេណអង្គការឡើយ។ អង្គការ «សុវណ្ណកុមារ» មានបុគ្គលិកសរុបចំនួន២៨នាក់ ហើបុគ្គលិកចំនួន១៧នាក់ ត្រូវបានគេបណ្តេញចេញដោយបង្ខំ និងខុសច្បាប់ទាំងស្រុង។

ទោះបីយ៉ាងណា មិនទាន់អាចស្វែងរកការបំភ្លឺពីលោក ប្រេត ហ្គោ ដុន (BRAD GORDON) ដែលតាមជនរងគ្រោះថា គាត់ គឺជាមេធាវី បានបណ្តេញបុគ្គលិកទាំងនោះចេញពីការងារ បាននៅឡើយទេ ហើយក្រុមអ្នកសារព័ត៌មានរង់ចាំការបំភ្លឺពីលោក ប្រេត ហ្គោ ដុន BRAD GORDON ជានិច្ច ចំពោះការលើកឡើងរបស់ជនរងគ្រោះ។

សូមបញ្ជាក់ថា ជាង១៥ឆ្នាំហើយ «សុវណ្ណកុមារ» បានរស់នៅប្រកបទៅដោយភាពសុខសាន្ត ទើបតែក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលមានវត្តមានរបស់លោក Brad Gordon ដែលពួកយើងគិតថា ជាដៃគូរសហការគ្នា ដើម្បីធ្វើឱ្យអង្គការរីកចម្រើនទៅមុខក្នុងគោលដៅ ដើម្បីឱ្យមារមានអនាគតល្អប្រសើប្រកបទៅដោយភាពសំបូរសប្បាយ តែតាមពិតវាប្រែក្លាយទៅជាភាពក្តៅក្រហាយដល់បុគ្គលិក និងកូនៗ «សុវណ្ណកុមារ» ទៅវិញ។ ជាងនេះទៅទៀតគាត់បានបង្ករព្យុះភ្លៀងនៅក្នុងភូមិដែលធ្វើឱ្យប៉ះពាល់ទៅដល់ការសិក្សា និងអារម្មណ៍របស់កូនៗ ទាំងអស់៕