(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ត្រូវសហការជាមួយភាគីពាក់ព័ន្ធជ្រើសរើសម្ហូបអាហារ និងបង្អែមដែលជាអត្តសញ្ញាណរបស់កម្ពុជា ឱ្យបានច្រើនមុខ ដើម្បីរៀបចំស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ នៅអង្គការយូណេស្កូ (UNESCO) សំដៅពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាបន្ថែម។
ការជំរុញយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាសបិទសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។
អង្គសន្និសិទដែលមានលោក XU Jing នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការទេសចរណ៍ពិភពលោក នៅជាមួយគ្នាដែរនោះ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពក្នុងការស្នើដាក់បញ្ចូលម្ហូបខ្មែរចំនួន ៥មុខ រួមមាន៖ សម្លកកូរ សម្លម្ជូរគ្រឿងខ្មែរ សម្លប្រហើរ ហហ្មុក (ពលរដ្ឋហៅថា អាម៉ុក) និងនំបញ្ចុក ព្រមទាំងបង្អែម៥មុខទៀត រួមមាន៖ នំអន្សម នំចក្រច័ន្ទ បាយដំណើបសង់ខ្យា នំផ្លែអាយ និងនំស្លឹកស្រស់ ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយរបស់អង្គការយូណេស្កូ។
ពាក់ព័ន្ធនឹងការងារនេះ លោក ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែចាប់ផ្ដើមធ្វើឱ្យបាន ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានការជំរុញខ្លាំងណាស់ដែរ។
លោកថា បើនិយាយពីម្ហូបអាហារ និងបង្អែម កម្ពុជាមានច្រើនសម្បូរបែបណាស់ ក្រៅពីម្ហូប និងបង្អែមខាងលើនេះ នៅមានសម្លម្ជូរ ដូចជា ម្ជូរគ្រឿងអំពិល ម្ជូរទុំសណ្ដាន់ ម្ជូរក្រសាំង ម្ជូរស្លឹកថ្នឹង ស្លឹកត្រមូងជាដើម ចំណែកបង្អែមក៏នៅមានច្រើនទៀតដែរ ដូចជា ចេកខ្ទិះ បង្អែមគ្រាប់ផ្លែត្នោតខ្ចី ឬបបរត្នោត ដំណាប់ផ្លែឈើនានា ពោលគឺឱ្យតែម្ហូបអាហារ និងបង្អែមដែលបុព្វបុរសបានកត់ត្រាទុកពីបរមបុរាណមក គឺត្រូវប្រមូលយកមករៀបចំស្នើសុំចុះបញ្ជីទាំងអស់។
លោក ថោង ខុន ថ្លែងយ៉ាងដូច្នេះថា «ទន្ទឹមនឹងការអនុវត្តកិច្ចការនេះ យើងត្រូវធ្វើឱ្យមានស្ដង់ដាអនាម័យ គុណភាព និងរំលេចនូវភាពទាក់ទាញបន្ថែមទៀត ដើម្បីទន្ទងចិត្តភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ភ្លក្ស ឬទទួលទាននៅពេលទទួលទានអាហារម្ដងៗ មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅឯបរទេសនោះឡើយ សំដៅធ្វើយ៉ាងណាឱ្យពួកគេទទួលទានហើយ ចងចាំពីប្រទេសកម្ពុជាយើង នោះកម្ពុជានឹងកាន់តែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ តាមរយៈម្ហូបអាហារនេះ នេះហើយដែលគេហៅថា ទេសចរណ៍ម្ហូបអាហារ»។
លោកបានបន្តថា ម្ហូបអាហារ ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងមានតួនាទីជាកម្លាំងចលករដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរដែលមិនធ្លាប់ចេញដើរកម្សាន្ត។ ក្នុងន័យនេះ ការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារ នឹងចូលរួមទាក់ទាញភ្ញៀវទេសចរថ្មីៗឱ្យមកទស្សនានៅកម្ពុជាកាន់តែច្រើន។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំង ម្ហូបអាហារ គឺជាកត្តាគន្លឹះក្នុងការបង្កើតភាពខុសប្លែកគ្នាកាន់តែច្រើន ផ្តល់ជម្រើសកាន់តែសម្បូរបែបដល់ភ្ញៀវទេសចរ ក៏ដូចជាចូលរួមពង្រឹងភាពទាក់ទាញប្រចាំតំបន់គោលដៅនីមួយៗផងដែរ៕