(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រុមហ៊ុនជប៉ុនចូលមកវិនិយោគលើប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយការកកស្ទះចរាចរណ៍ដែលជាចំណោទបញ្ហាមួយសម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Norikazu Suzuki ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅនេះជប៉ុនបានសិក្សាជាច្រើន ដើម្បីដើស្រាយលើការដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញកើតមានការកកស្ទះចរាចរណ៍។ សម្ដេចតេជោ បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះឱ្យឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណទៅដល់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ដូចជាប្រទេសជប៉ុនដែលកន្លងមកតែងជួយដល់ប្រទេសកម្ពុជា។ ជាពិសេសតាំងពីដំណើរការនៃការស្វែងរកសន្តិភាព ហើយប្រទេសជប៉ុនជាប្រទេសបានផ្ដល់ជំនួយច្រើនដល់ប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អនុរដ្ឋមន្ត្រីការបរទេសផងដែរពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បានលើកឡើងថា មានកត្តាពីរសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ទីមួយកត្តាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

សម្ដេចតេជោ ក៏បានមានប្រសាសន៍បង្ហាញពីការធ្វើកំណែទម្រង់របស់កម្ពុជានាពេលកន្លងមក ហើយកំណែទម្រង់ទាំងអស់នោះធ្វើឱ្យកម្ពុជាមានការរីកចម្រើន។ តាមរយៈអនុរដ្ឋមន្ត្រីការបរទេសជប៉ុន, សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះលោក Abe Shinzo ដែលបានឈ្នះឆ្នោតជាបន្តទៀត។

ពាក់ព័ន្ធជំនួយរបស់ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មិនត្រឹមតែការកសាងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ជប៉ុនបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ។ កំពង់ផែនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។ មុនចូលជួបសម្តេចតេជោ លោកអនុរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក Norikazu Suzuki បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ ក្នុងគោលបំណងបន្តការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន។

លោកបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកបានជួបសំដែងការគួរសមក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជា៕