(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារជាតិនៃ កម្ពុជា តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោបាយ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយ អំពីខ្លឹមសារច្បាប់ ស្តីពីគណបក្សនយោបាយ ពិនិត្យឡើងវិញនូវស្ថានភាព នៃការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ កំណត់នូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះនាពេលកន្លងមក។

បន្ថែមពីនេះ ស្វែងរកដំណោះស្រាយនានា ប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព ដល់តំណាងគណបក្សនយោបាយ ដែលបានចុះ បញ្ជីនៅ ក្រសួងមហាផ្ទៃ៕