(កំពង់ចាម)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារនៅផ្សារធំកំពង់ចាម ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន៥មុខ ដែលជាទឹកក្រូច, ទឹកផ្លែឈើ, មី និងស្វាយចន្ទី។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពេលចុះត្រួតពិនិត្យនោះ ក្រុមការងារបានរកឃើញភេសជ្ជៈដែលហួសកាលបរិច្ឆេទ មួយចំនួន រួមមាន៖ ទឹកក្រូចម៉ាក coca zero ២៤កំប៉ុង, ទឹកផ្លែឈើម៉ាក Malee ៣ដប, ទឹកដោះគោស្រស់ម៉ាក Tea pot ៩កំប៉ុង, មីចិន ៣០កញ្ចប់ និងស្វាយចន្ទី៦កញ្ចប់ ហើយក្រុមការងាររបស់លោក ក៏បានដកហូតយកទៅកម្ទេច ចោលតែម្តង។

មន្រ្តីបានបន្តទៀតថា ក្នុងឱកាសនោះ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារ បានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។

ជាមួយគ្នានោះ សាខាកាំកុងត្រូលខេត្តកំពង់ចាម បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕