(មណ្ឌលគិរី) បន្ទាប់ពីបានបំភ្លឺជូនតុលាការខេត្តមណ្ឌលគិរីអំពីនីតិវិធីតាមបែបបទរដ្ឋបាលលើបញ្ហាដីធ្លីរួចរាល់ហើយនោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានវិលត្រឡប់មកផ្ទះវិញហើយ។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះ។

លោក ឡោ រស្មី ត្រូវបានព្រះរាជអាជ្ញា ហៀង សុភក្ដ្រ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃពុធនេះ ពាក់ព័ន្ធករណីផ្ដល់ការអនុញ្ញាតជំហានទី១ ចំនួន១,០០០ហិកតា ក្នុងអនុតំបន់I, អនុតំបន់II ចំនួន២,០០០ហិកតា, អនុតំបន់III ចំនួន២,០០០ហិកតា, អនុតំបន់IV ចំនួន២,០០០ ហិកតា និងអនុតំបន់V ចំនួន ២,៧៤១ ហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គ្រេន Joint Stock ខមភេនី លីមីធីត នៅក្នុងខេត្តមណ្ឌលគិរី៕