(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងការប្រមូលចំណូលពន្ធដារ តាមរយៈសេវាតាម Online គឺពិតជាមានសារៈសំខាន់ សម្រាប់វិស័យពន្ធដារ និងក្រុមហ៊ុនឯកជន ហើយរឹតតែផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុនឯកជនដែលជាប់ពន្ធ និងក្រុមហ៊ុនឯកជនផ្សេងៗទៀត ដែលត្រូវបង់ពន្ធជូនរដ្ឋ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងវេទិកា វិបស្សនាជាមួយវិស័យឯកជន ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងការប្រមូលចំណូលពន្ធដារ ដែលបានរៀបចំឡើងនៅសណ្ឋាគារ ហ្កាឌិនស៊ីធី ភ្នំពេញ។ វេទិកានេះក៏មានការចូលរួមពីមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ និងតំណាងក្រុមហ៊ុនឯកជនជិត១,០០០នាក់ផងដែរ។

លោក គង់ វិបុល បានបញ្ជាក់ថា វេទិកាវិបស្សនា ជាមួយវិស័យឯកជន ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងការប្រមូលចំណូលពន្ធដារ គឺពិតជាមានសារៈសំខាន់ សម្រាប់វិស័យពន្ធដារ និងក្រុមហ៊ុនឯកជន ដោយសារវិស័យឯកជន គឺជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានតួនាទីត្រូវបង់ពន្ធជូនរដ្ឋ ហើយការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ នឹងរឹតតែផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុនឯកជនក្នុងការបង់ពន្ធ។

លោកលើកឡើងថា កាលពីជំនាន់មុន ការបង់ពន្ធ គឺមានច្រើនដំណាក់កាល ត្រូវប្រើរយៈពេលយូរ តែមកដល់ពេលបច្ចុប្បន្ននេះ គឺបានកាត់បន្ថយមកត្រឹមតែ២តំណាក់កាលទេ ដោយយើងបានត្រៀមរៀបចំការបង់ពន្ធតាមអនឡាញ ដើម្បីបង្កើតភាពងាយស្រួល ដល់អ្នកមកបង់ពន្ធទាំងអស់ផងដែរ។

លោក គង់ វិបុល បានបញ្ជាក់ថា កន្លងមកនេះអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យពន្ធដារចំនួន៤៩កម្មវិធីរួចមកហើយ ហើយនៅក្នុងឆ្នាំ២០១៩នេះ បានអភិវឌ្ឍន៍បន្ថែមកម្មវិធីចំនួន៨បន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងវិស័យពន្ធដារ ដែលកម្មវិធីទាំងអស់នេះ មិនមែនសម្រាប់ប្រើប្រាស់តែមន្ត្រីពន្ធដារនោះទេ កម្មវិធីខ្លះក៏បានដាក់ឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់ ក្នុងការបង់ពន្ធផងដែរ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់នេះ ក៏ទាមទារឱ្យវិស័យឯកជន ផ្តល់មតិត្រឡប់មកវិញដែរថា ការប្រើប្រាស់នេះល្អ ឬមិនល្អ តើត្រូវមានអ្វីត្រូវកែប្រែបន្ថែមទៀត ឬមិនមានផងដែរ។

លោកអគ្គនាយកពន្ធដារបានគូសបញ្ជាក់ថា វេទិកាវិបស្សនា ជាមួយវិស័យឯកជន នឹងមានការធ្វើបទបង្ហាញស្តីពី ការចុះបញ្ជីតាមប្រព័ន្ធ Online, ការបង់ប្រាក់ពន្ធតាមប្រព័ន្ធ Online, ការគ្រប់គ្រងការស្នើសុំ DTA តាមប្រព័ន្ធ Online, ការគ្រប់គ្រងអាករលើតម្លៃបន្ថែមតាមប្រព័ន្ធ Online និងកម្មវិធីផ្សេងៗ លើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីធ្វើការផ្សព្វផ្សាយ ដល់អ្នកដែលត្រូវបង់ពន្ធទាំងអស់ បានចូលរួមស្វែងយល់អំពីសមទ្ធិផល ផ្នែកបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដោយបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈទំនើប ក្នុងការគ្រប់គ្រងពន្ធ និងការបង់ពន្ធពីក្រុមហ៊ុនជាប់ពន្ធ។

គួរបញ្ជាក់ដែរថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចធ្វើបាននៅក្នុងឆ្នាំ២០១៩នេះរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការជៀសវាងយកពន្ធត្រួតគ្នា, ប្រព័ន្ធគ្រប់គ្រងការសុំបង្វិលសងអាករលើតម្លៃបន្ថែម, ប្រពន្ធគ្រប់គ្រងពន្ធមធ្យោបាយ, កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះឆ្នាំ២០១៩, ប្រព័ន្ធគ្រប់គ្រងចុះបញ្ជីសហគ្រាស, ប្រព័ន្ធគ្រប់គ្រងព័ត៌មានបុគ្គល, ប្រព័ន្ធគ្រប់គ្រងការទទួលប្រាក់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការបង់ពន្ធតាមអនឡាញ៕