(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសជំរុញឱ្យប្រជាពរដ្ឋខំធ្វើនំបញ្ចុក និងត្រសក់ចាវឱ្យមានរសជាតិឆ្ងាញ់ ដើម្បីលក់ជូនទេសចរទទួលទាន ឬអាចឈានដល់ការនាំចេញ (ត្រសក់ចាវ) សំដៅរួមចំណែកផ្សព្វផ្សាយពីគោលដៅ ទេសចរណ៍របស់កម្ពុជា ហើយលោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ ត្រូវជួយជំរុញការងារនេះផងដែរ។

ការថ្លែងបែបនេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងនាឱកាសសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលត្រូវបានធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈម្ហូបអាហារនេះ ក៏ជាការចូលរួមជំរុញកំណើនទេសចរនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ មានន័យថា ក្រៅពីអង្គរវត្ត វប្បធម៌រូបិយ-អរូបិយផ្សេងទៀត ទេសចរអន្តរជាតិ ក៏ស្គាល់កម្ពុជាតាមរយៈម្ហូបអាហារនេះដែរ។

ពាក់ព័ន្ធនឹងនំបញ្ចុកខ្មែរ ដែលជាម្ហូបអាហារដ៏ល្បីមួយរបស់ខ្មែរដែរនោះ ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន លើកឡើងថា រាជរដ្ឋាភិបាលពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជំរុញការងារនេះដែរ ក្នុងគោលបំណងធ្វើយ៉ាងណាធ្វើឱ្យនំបញ្ចុក ក្លាយជាអត្តសញ្ញាណជាតិខ្មែរពិតប្រាកដ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា លោកចាត់ឱ្យមានការសរសេរជាសៀវភៅមួយស្ដីពី របៀបធ្វើនំបញ្ចុក និងចងក្រងបកប្រែជាច្រើនភាសា ដើម្បីប្រាប់ពីរបៀបស្លសម្លនំបញ្ចុក យ៉ាងណាឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ សំដៅផ្សព្វផ្សាយពីម្ហូបអត្តសញ្ញាណរបស់ខ្មែរមួយនេះ ទៅកាន់ពិភពលោក និងតំបន់ឱ្យកានតែស្គាល់ច្បាស់ ហើយអ្វីដែលសំខាន់នោះគឺ អនាម័យ និងរសជាតិឆ្ងាញ់។

ចំណែកត្រសក់ចាវ លោករដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានផ្ដល់អនុសាសន៍ជំរុញការងារនេះដែរ ដោយលោកបានប្ដេជ្ញាថា ចាប់ពីពេលនេះទៅ នឹងរួមគ្នាអនុវត្តកិច្ចការនេះ ហើយមិនមែនតែត្រសក់ចាវទេ គឺអាហារមួយចំនួនទៀតរបស់កម្ពុជា គឺត្រូវស្រាវជ្រាវពីរបៀបធ្វើ ដើម្បីរៀបចំឱ្យមានអនាម័យដាក់ចូលក្នុងកំប៉ុង ឬដប ដើម្បីប្រើប្រាស់ក្នុងស្រុក និងអាចលក់ចេញក្រៅប្រទេសបាន។

លោកថា បើកម្ពុជាជំរុញកិច្ចការនេះបាន នំបញ្ចុក និងត្រសក់ចាវ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ព្រមទាំងចូលរួមលើកតម្កើង និងផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ បេតិកភណ្ឌជាតិ តាមរយៈទេសចរណ៍ម្ហូបអាហារនេះផងដែរ។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា កម្ពុជានឹងជ្រើសរើសយកម្ហូបអាហារ និងបង្អែមដែលឆ្ងាញ់ជាងគេ និងទាក់ទាញជាងគេ ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកកាន់ តែស្គាល់ពីគោលដៅកម្ពុជា៕