(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១១ រៀបចំវេទិកាការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន ៧០០កន្លែងបន្ថែមទៀត នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រុមហ៊ុនធំៗទាំង១១នោះរួមមាន៖ ក្រុមហ៊ុន Cambrew Ltd , AEON Cambodia , Chamroeun Microfinance Institution , AEON Specialized Bank Cambodia , ONLINE ISP Cambodia, CIMB Cambodia, Smart Axiata, Orkidé Villa, Ly Hour Veluy, Major Cineplex Cambodia , Westline Education Group Co., Ltd.។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ គឺទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនឡើងពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ក្រុមហ៊ុននានាបានទាក់ទងមក NEA កាន់តែច្រើនឡើងដើម្បីឲ្យជួយជ្រើសរើសបុគ្គលិក។ ជាក់ស្តែងសម្រាប់ខែសីហានេះ NEA រៀបចំវេទិកាការងារដល់ទៅ២ដង ដោយសារក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកច្រើន ហើយរើសមិនទាន់គ្រប់តម្រូវការ។

សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕