(កណ្ដាល)៖ លោក ហេង សេងឡុង ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល បានទទួលមរណភាព ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក នៃអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ នៃអង្គភាពទាំងមូល មានសេចក្តីរន្ធត់ក្តុកក្តួលឥតឧបមា និងសូមចូលរួមសម្តែងការ សោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះមរណភាពរបស់ លោក ហេង សេងឡុង ជាអ្នកសារព័ត៌មាន ប្រចាំខេត្តកណ្តាល។

អគ្គនាយកអង្គភាពព័ត៌មាន Fresh News បានចាត់ទុកថា មរណភាពរបស់ លោក ហេង សេងឡុង គឺជាការបាត់បង់នូវស្វាមី និងឪពុក ជាទីស្រលាញ់ដ៏ជ្រាល ជ្រៅបំផុតរបស់លោកស្រី កូនៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់បុគ្គលិកដ៏សកម្មមួយរូប របស់អង្គភាព ព័ត៌មាន Fresh News ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា បម្រើការងារជូនអង្គភាព។

តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃអង្គភាព Fresh News និងក្នុងនាមលោកផ្ទាល់ សូមចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ហេង សេងឡុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕