(ស្វាយរៀង)៖ គរុសិស្សម្នាក់ ត្រូវព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ប្រទះឃើញដេកស្លាប់នៅក្នុងវត្ត វេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើតាមវេជ្ជបណ្ឌិតជំនាញ សពត្រូវស្លាប់ដោយសារគាំងបេះដូង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ប្រាប់ថាមានឈ្មោះ គង់ និវឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ ជាគរុសិស្សរៀននៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង មានទីលំនៅភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មកស្នាក់នៅក្នុងវត្ត ព្រៃឆ្លាក់ បានដេកស្លាប់នៅក្នុងវត្ត។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន ភ្លាមតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួផែនការងារ នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ដឹកនាំដោយលោកវរសេនីយ៍ឯក មុំ សារ៉ុន នាយការិយាល័យ បានសហការជាមួយកម្លាំងជំនាញ អធិការនគរបាលក្រុងស្វាយរៀង និងលោវេជ្ជបណ្ឌិ ថាច់ ស៊ីសុវុឌ្ឍី គណៈកម្មការកោសល្យវិច្ឆ័យមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាសពឃើញថា នៅលើរាងកាយសាកសាកសព ពុំមានស្លាកស្នាមរបួសអ្វី ដែលគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋាន របស់គណៈកម្មការពិនិត្យសាកសព មានជំនាញនគរបាលខេត្ត ក្រុងស្វាយរៀង និងលោកវេជ្ជបណ្ឌិត ថាច់ ស៊ីវសុវុឌ្ឍី បានបញ្ជាក់ថា ឈ្មោះ គង់ និវឌ្ឍ បានស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)។

បច្ចុប្បន្នសព ត្រូវប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិតាភរ ឃុំចិន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង៕