(ប៉េកាំង)៖
សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី «ដំណើរទេសចរណ៍វិថីសូត្រនៅទីក្រុងប៉េកាំង ក្នុងឱកាសខួបទី៧០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន» នៅរដ្ឋធានីប៉េកាំង ដែលពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស្ស៊ូ ហឺជាំង (XU Hejian) ប្រធានការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនចិននៅទីក្រុងប៉េកាំង។

ស្ថាប័នព័ត៌មានល្បីៗមកពី ១៣ប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះក៏មានការចូលរួមពីលោក លឹម ជាវុត្ថា អគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ពីប្រទេសកម្ពុជា ក្រៅពីនោះ មានប្រទេសកាណាដា ឥណ្ឌូនេស៊ី អ៉ីរ៉ង់ អាល្លឺម៉ង់ កេនយ៉ា កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ប៉ាគីស្ថាន រុស្ស៊ី សេប៊ី ថៃ និងប្រទេសតួកគី។

នាឱកាសនោះ លោក ស្ស៊ូ ហឺជាំង បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំទី៤ហើយ នៃការរៀបចំកម្មវិធីដំណើរទេសចរណ៍វិថីសូត្រនៅទីក្រុងប៉េកាំង ក្នុងឱកាសខួបទី៧០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន Silk Road Rediscovery Tour of Beijing Upon the 70th Anniversary of People’s Republic of China»។

កន្លងទៅ សកម្មភាពនីមួយៗបានបង្ហាញអំពីការវិវត្តនៃប្រវត្តិសាស្រ្ត និងស្មារតីគោរពឲ្យតម្លៃមនុស្សរបស់ប៉េកាំង ព្រមទាំងអនាគតផ្នែកបច្ចេកវិទ្យា និងបរិស្ថានរបស់ទីក្រុងនេះ ហើយពួកវាក៏សបញ្ជាក់ឲ្យឃើញនូវទីក្រុងមួយដែលបើកទូលាយ ព្រមទាំងប្រកបដោយភាពស្វាគមន៍រាក់ទាក់ និងរីកចម្រើនហើយពោរពេញដោយការជឿជាក់។

លោក ស្ស៊ូ បានបន្តថា ប៉េកាំង គឺជាទីក្រុងយ៉ាងសកម្មភាពបំផុតសម្រាប់ផ្នែកនវានុវត្តន៍ (គំនិតបង្កើតថ្មីៗ) និងសហគ្រិនភាព ពោលគឺជាទីក្រុងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាទីក្រុងបើកចំហយ៉ាងទូលំទូលាយ ដែលផ្ដល់ឱកាសសម្រាប់ធ្វើអាជីវកម្មលំដាប់ថ្នាក់ពិភពលោក ជាទីក្រុងវប្បធម៌ដែលមានការយកចិត្តទុកយ៉ាងសំខាន់ និងដោយស្មើភាព លើកិច្ចប្រឹងប្រែងគាំពារវប្បធម៌ និងជាទីក្រុងដែលមានការអភិវឌ្ឍគិតគូរខ្លាំងពីផលប៉ះពាល់លើបរិស្ថាន។

ប្រធានការិយាល័យព័ត៌មានរូបនេះ បានស្រង់សម្ដីរបស់ប្រធានាធិបតីចិន លោក ស៊ីន ជិនពីង យ៉ាងដូច្នេះថា ទីតាំងយុទ្ធសាស្រ្តនៃទីក្រុងប៉េកាំង ដែលត្រូវបានជ្រើសរើសជារដ្ឋធានីនៃប្រទេសចិន គឺមានតួនាទីសំខាន់ចំនួន០៤ រួមមាន៖ ទីមួយគឺជាមជ្ឈមណ្ឌលនយោបាយ ទីពីរគឺជាមជ្ឈមណ្ឌលវប្បធម៌ ទីបីគឺជាមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ និងទីបួនគឺជាមជ្ឈមណ្ឌលនៃផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា។

នៅក្រោយបញ្ចប់កម្មវិធីប្រកាសបើកផ្លូវការ គណៈប្រតិភូទាំងអស់មកពី១៣ប្រទេស ត្រូវបានអញ្ជើញអោយដើរទស្សនាកំសាន្តតំបន់ Beijing EXPO 2019 ដ៏ធំល្វឹងល្វែងលំដាប់អន្តរជាតិ និងបានទស្សនារូបភាពស្រស់ស្អាតពីបណ្តាខេត្តនានា ប្រមូលផ្តុំនៅទីលាន Beijing Expo 2019។ ជាមួយនោះដែរគណៈប្រតិភូ បានបន្តទស្សនាកន្លែងសួនសត្វ និងកន្លែងសិប្បកម្មផលិតតៅហ៊ូ ។ នៅថ្ងៃស្អែកគណៈប្រតិភូ នឹងបន្តដើរទស្សនាកំសាន្តកន្លែងសំខាន់ជាច្រើនទៀតតាមកម្មវិធីដែលបានរៀបចំរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៩ ដល់ ២៣ ខែសីហា ឆ្នាំ២០១៩។

ជាមួយនោះផងដែរ នៅល្ងាចថ្ងៃទី២០ ខែសីហានេះ លោក លឹម ជាវុត្ថា ក៏បានផ្តល់កិច្ចសម្ភាសន៏ដល់សារព័ត៌មាន CRI Online ចិន បង្ហាញពីចំណាប់អារម្មណ៍នៃដំណើរទស្សនកិច្ចនេះ៕