(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន (FIRST FINANCE) កំពុងផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ទៅដល់អតិថិជន និងសាធារណៈជន បន្ទាប់ពីបុគ្គលិកជំនាញរបស់ខ្លួន បានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

FIRST FINANCE កំពុងយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួន ដោយពួកគេអាចប្រឹក្សាដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទលើបញ្ហាទិញលក់ ឬគ្រប់គ្រងលើអចលនទ្រព្យ ឬការផ្ទេរកម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ជាមួយបុគ្គលិកផ្នែកលក់របស់ស្ថាប័ននៅគ្រប់សាខា។ ចំពោះសាធារណៈជន ពួកគេអាចទទួលបានការប្រឹក្សាតាមរយៈការហៅទូរសព្ទមកកាន់លេខ៖ ០៩៣ ៦៦៦៦ ៣៥ នៅរៀងរាល់ម៉ោងធ្វើការ។

ការផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់នេះ ជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យដែល FIRST FINANCE រួមជាមួយដៃគូសហការ បានបង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីផ្តល់នូវចំណេះដឹងបន្ថែមដល់សាធារណៈជន ដែលក្នុងនោះមានកម្មវិធី និងសកម្មភាពសំខាន់ៗមួយចំនួនទៀតដូចជា កម្មវិធីសិក្ខាសាលាអប់រំ សម្រាប់សាធារណៈជនដែលបានរៀបចំកាលពីខែតុលា ឆ្នាំ២០១៨ ការផ្សព្វផ្សាយខ្សែរវីដេអូរពីខ្លឹមសារដែលបានបកស្រាយដោយវាគ្មិន ដែលអញ្ជើញមកពីក្រសួងពាក់ព័ន្ធ និងការផលិតជាវីដេអូរគំនូរជីវចល (infographic animation) ជាដើម។ល។

នៅក្នុងឱកាសនោះដែរ លោកស្រី ជុន សុថានី អគ្គនាយិកា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FIRST FINANCE បានលើកឡើងថា លោកស្រីមានមោទនភាពដែល FIRST FINANCE បានកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យដោយរលូន ជាពិសេសការផ្ដល់សេវាប្រឹក្សាដោយមិនគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ព្រោះសកម្មភាពទាំងនេះជាអ្វីដែល FIRST FINANCE បានកំពុងផ្ដល់ជូនទាំងអតិថិជនរបស់ខ្លួន ដែលជាប្រជាជនកម្ពុជា មានចំណូលទាប និងមធ្យម និងសាធារណៈជនទូទៅ លើសពីសេវាហិរញ្ញវត្ថុរបស់ស្ថាប័ន។

លោកស្រី ជុន សុថានី ក៏បានថ្លែងអំណរគុណដល់ BlueOrchard Finance តាមរយៈគម្រោងផ្ដល់ជំនួយបច្ចេកទេសរបស់មូលនិធិ Microfinance Initiative for Asia (MIFA) ដែលបានផ្ដល់ការគាំទ្រដល់យុទ្ធនាការដ៏មានសារសំខាន់នេះ ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះ អាចបង្កើនចំណេះដឹង របស់អតិថិជន និងសាធារណៈជន អំពីសិទ្ធិរបស់ពួកគេលើការគ្រប់គ្រងអចលនទ្រព្យ ហើយពួគគេក៏មានភាពងាយស្រួល ក្នុងការទទួលបានការប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យនានា ពីសេវាប្រឹក្សាដែល FIRST FINANCE កំពុងផ្ដល់ជូនផងដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FIRST FINANCE បានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ ហើយបានក្លាយ ជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ ដែលផ្តោតខ្លាំងទៅលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងសាងសង់ផ្ទះរយៈពេលវែង ក៏ដូចជាកម្ចីអចលទ្រព្យធានា រយៈពេលមធ្យម ទៅលើគ្រួសារដែលមានចំណូលទាប និងមធ្យមដែលមានលទ្ធភាពតិចតួច ឬគ្មានសោះក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការដើម្បីទិញផ្ទះ។

FIRST FINANCE គឺជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន ហ្វឺស ហូម ភីអិលស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហបុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ មូលនិធិអភិវឌ្ឍន៍កម្ពុជាឡាវ (Cambodia-Laos Development Fund) និងមូលនិធិ Norfund ពីប្រទេសន័រវេ៕