(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមបណ្តាអគ្គនាយកដ្ឋានទាំងអស់ ក្រោមឱវាទក្រសួងផែនការ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

លោក វង្ស សាម៉ុន រដ្ឋលេខាធិការ ជាសមាជិកក្រុមការងារអន្តរក្រសួង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងផែនការ បានឡើងថ្លែងពីគោលបំណង នៃការរៀបចំប្រជុំនាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយលើយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួង និងបទបញ្ជាស្តីពី ការពង្រឹងវិធានការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលផែនការ ស្តីពីយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយសារលិខិតរបស់សម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ឆ្នាំ២០១៩។

លោក វង្ស សាម៉ុន បានបន្ថែមថា តបតាមអនុសាសន៍របស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានបង្កើតឡើងនៅថ្នាក់ក្រសួងមានមួយក្រុម និងក្រុមការងារតាមបណ្តារាជធានី-ខេត្ត មាន២៥ក្រុម ដែលមានសមាជិកសរុប ចំនួន៣១២នាក់ ជាជនបង្គោល ដើម្បីធ្វើការងារលើយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យផែនការដោយបានដាក់ចេញ នូវវិធានការណ៍ប្រជុំផ្សព្វផ្សាយ ណែនាំ បំពាក់បំប៉នស្មារតី និងបញ្ជ្រាបការយល់ដឹង ជាប្រចាំលើបញ្ហាគ្រឿងញៀន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឲ្យបានជ្រាប និងផ្សព្វផ្សាយបន្តជូនដល់មន្ត្រី និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ថ្លែងសំណេះសំណាលក្នុងពិធីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងថា ថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរួមគ្នាប្រារព្វពិធីប្រជុំផ្សព្វផ្សាយ យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីបំផុសដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូបឲ្យគាំទ្រ និងចូលរួមក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន យល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ សម្រាប់សង្គមមនុស្សជាតិទាំងមូល។ ស្ថានភាពនៃការផលិត ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនវាវិវត្តន៍ ស្របទៅតាមចរន្ត នៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច ដែលនិន្នាការបែបនេះ គឺជាការប្រឈមដ៏លំបាកមួយ សម្រាប់ការអនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា។ ជាមួយនេះ ការកើនឡើងនូវផលិតផល ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនសំយោគ និងសារធាតុញៀនប្រភេទថ្មី ប៉ះពាល់ប្រព័ន្ធប្រសាទ គឺជាការព្រួយបារម្ភ ដែលប្រទេសនានា នៅលើពិភពលោកកំពុងជួបប្រទះ និងផ្តោតការយកចិត្តទុកដាក់។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា បើទោះបីកន្លងមករាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដាក់ចេញនូវគោលនយោបាយ បទបញ្ជា និងវិធានការណ៍នានា ជាបន្តបន្ទាប់ដើម្បីផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ដូចជា គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេខ០១ ស្តីពី ការពង្រឹងវិធានការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ក្តី ក៏ក្រុមឧក្រិដ្ឋជននៅតែបន្តព្យាយាមធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ប្រជាពលរដ្ឋយើងមួយចំនួននៅតែបន្តរងផលប៉ះពាល់ពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅខ្លះត្រូវបានប៉ះពាល់រងគ្រោះ។

តាមរយៈសារលិខិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលមានខ្លឹមសារបញ្ជាក់យ៉ាងច្បាស់លាស់ និងហ្មឺងម៉ាត់ពីគោលជំហរ និងឆន្ទះយ៉ាងប្តូរផ្តាច់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ បង្ការទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន ឲ្យអស់ពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកកិត្តិសេដ្ឋាបណ្ឌិត បានណែនាំ និងផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីរាជការ នៃក្រសួងផែនការទាំងអស់ ដូចខាងក្រោម៖

១៖ គ្រប់អង្គភាពទាំងអស់ត្រូវរៀបចំ និងពង្រឹងយន្តការ សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងអង្គភាពឲ្យបានសមស្រប តាមតួនាទីពាក់ព័ន្ធ និងការទទួលខុសត្រូវរបស់ខ្លួន។

២៖ ក្រុមជនបង្គោលរបស់ក្រសួង និងមន្ទីរផែនការរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្តីពីការពង្រឹងវិធានការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយគ្មានគ្រឿងញៀន ព្រមទាំងផែនការ និងវិធានការណ៍ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានផែនការសកម្មប្រចាំឆមាស និងឆ្នាំច្បាស់លាស់ ហើយធ្វើការអនុវត្តឱ្យបានជាប្រចាំ ដើម្បីផ្សព្វផ្សាយ បញ្ហាគ្រឿងញៀនទៅដល់មន្ត្រី ក្រុមគ្រួសារ និងសហគមន៍ ឲ្យមានប្រសិទ្ធភាព។

៣៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់អង្គភាពទាំងអស់ ត្រូវធ្វើការគាំទ្រ បំផុសឲ្យគ្រប់សមាសភាពទាំងអស់ ចូលរួមក្នុងចលនាអប់រំផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ ទប់ស្កាត់គ្រឿងញៀន ក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ តាមរយៈការប្រជុំ ដឹកនាំការងារក្នុងអង្គភាព ក្រុមការងារថ្នាក់ជាតិ-ថ្នាក់កណ្តាល ចុះមូលដ្ឋានរាជធានីខេត្តទាំងអស់។

៤៖ វិធានការណ៍អនុវត្តច្បាប់ គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុត ក្នុងការទប់ស្កាត់ លុបបំបាត់បញ្ហាគ្រឿងញៀន ដូច្នេះគ្រប់អង្គភាពទាំងអស់ ត្រូវស្រាវជ្រាវ ស៊ើបអង្កេត ប្រមូល និងផ្តល់ព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕