(ព្រះសីហនុ)៖ កំណាត់ផ្លូវពីរខ្សែប្រវែងជិត៥០គីឡូម៉ែត្រ គឺកំណាត់ផ្លូវលេខ១៤៦B និងលេខ១៤៨ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានជួសជុល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

កំណាត់ផ្លូវ១៤៦B ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ២៤,៥០គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការជួសជុលផ្លូវនេះ ចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣,៥៨០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) អនុវត្តគម្រោងដោយវិស្វកម្ម ក្រសួងការពារជាតិ និងចំណាយថវិកាសរុបប្រមាណ ២.៤៦៧លានរៀល ជាថវិកាជាតិ ក្រោមគម្រោងជួសជុលផ្លូវថ្នល់។

ចំណែកឯកំណាត់ផ្លូវលេខ១៤៨ ឬវិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប២៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ (មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះ ជួសជុលដោយចាក់បេតុងសរសៃដែក កម្រាស់២៣សង់ទីម៉ែត្រ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ដោយចំណាយថវិកាអស់ប្រមាណ២,៨៨៨លានរៀល ជាថវិការបស់ជាតិ។

ការជួសជុលនេះ ជាការជួសជុលបណ្ដោះអាសន្ន ដោយក្រាលកៅស៊ូបាចពីរជាន់ និងជួសជុលត្រង់ចំណុចរងការខូចខាតតែប៉ុណ្ណោះ ព្រោះថាផ្លូវនេះ ក្រសួងកំពុងសិក្សាដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនេះពីការក្រាលកៅស៊ូបាចពីរជាន់ (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ឬបេតុងសរសៃដែក។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់គ្នាត្រង់រង្វង់មូលស្ទឹងហាវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កំណាត់ផ្លូវទាំងពីរខ្សែនេះដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន មានលក្ខណៈងាយស្រួល លឿន និងចំណាយតិច ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ជាពិសេសការកកស្ទះរថយន្តដឹកជញ្ជូនធុនធ្ងន់។

លោកទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងអភិវឌ្ឍ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេសកម្ពុជា ជូនអង្គពិធីផងដែរដូចជា៖ ការពង្រីក និងលើកម្ពស់គុណភាពផ្លូវជាតិលេខ៣ លេខ៣១ លេខ៣៣ លេខ៤១ លេខ១០ លេខ៤ ស្ពាននានា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។ ជាពិសេសគម្រោងអភិវឌ្ឍបន្ថែមផ្លូវនៅក្នុងខេត្តព្រះសីហនុ តួយ៉ាងផ្លូវលេខ ១៤៩បេ បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់សាលាឃុំបិត្រាង ឆ្ពោះទៅកាន់រង្វង់មូលតោពីរ និងផ្លូវពីព្រលានយន្តហោះ ឆ្ពោះទៅកាន់រង្វង់មូលតោពីរជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណចំពោះកងវិស្វកម្មរបស់ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការយ៉ាងស្អិតរមួត និងគាំទ្រដល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំថែមទៀត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលជួយសម្របសម្រួលឱ្យការអនុវត្តគម្រោងឱ្យមានភាពរលូន។

ទេសរដ្ឋមន្ត្រីក៏បានស្នើសុំការអធ្យាស្រ័យខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើដំណើរតាមផ្លូវនោះ អំពីការរំខាននានាដែលកើតមានឡើងខណៈពេលកំពុងជួសជុល។ ទន្នឹមនឹងនោះ លោកទេសរដ្ឋមន្ត្រីបានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ ដើម្បីឱ្យការអនុវត្តគម្រោងនោះមានប្រសិទ្ធភាពខ្ពស់ និងចប់តាមការគ្រោងទុក៕