(ភ្នំពេញ)៖ ទាហានកូឡុំប៊ីចំនួន៨នាក់ ដែលបានមកហ្វឹកហ្វឺន ជាមួយមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ចំនួន២ខែ លើជំនាញគ្រឿងចក្រកំទេចមីន បានបញ្ចប់ការសិក្សាហើយ ខណៈដែលទាហានអ៊ីរ៉ាក់ចំនួន២៦នាក់ផ្សេងទៀត កំពុងតែសិក្សាជំនាញកំទេចគ្រឿងផ្ទុះ។ នេះបើតាមមន្ដ្រីជាន់ខ្ពស់ នៅអង្គភាពស៊ីម៉ាក់ ប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញគ្រឿងចក្រកំទេចមីន ជូននាយទាហានមកពីប្រទេសកូឡុំប៊ី ដែលបានមកហ្វឹកហ្វឺន ជាមួយមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

បើតាមលោក ហេង រតនា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICS ផ្តល់ជូនទៅរដ្ឋាភិបាលប្រទេសកូឡុំប៊ី ហើយរដ្ឋាភិបាលកូឡុំប៊ី បានជ្រើសរើសកម្ពុជា និងអង្គភាពស៊ីម៉ាក់ ជាអ្នកផ្តល់ការហ្វឹកហ្វឺនជូន។

ជាមួយគ្នានោះ អគ្គនាយកស៊ីម៉ាក់ ក៏បានជូនពរការវិលត្រឡប់ ទៅមាតុភូមិវិញនៃសិក្ខាកាមនាយទាហានកូឡុំប៊ី មានសុវតិ្ថភាពល្អផងដែរ។

លោក ហេង រតនា បានឲ្យដឹងថា «ប្រទេសកម្ពុជា និងកូឡុំប៊ី ស្ថិតនៅមួយចំហៀងផែនដីពីគ្នា! សូមឲ្យសន្តិភាពកើតឡើងហើយ បានស្ថិតស្ថេរជានិច្ចសំរាប់ប្រទេសទាំង២នេះ ព្រោះមានសង្គ្រាមស៊ីវិលជិតកន្លះសតវត្សដូចគ្នា»។

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោក ហេង រតនា ក៏បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សិក្ខាកាម មកពីប្រទេសអ៊ីរ៉ាក់ចំនួន២៦នាក់ ដែលកំពុងតែទទួលការហ្វឹកហ្វឺន លើជំនាញកំទេចគ្រឿងផ្ទុះ នៅសារមន្ទីរសន្តិភាពកំចាត់មីនផងដែរ។

លោក ហេង រតនា បានបញ្ជាក់ថា មន្ត្រីជំនាញគ្រាប់យទ្ធភណ្ឌ័មិនទាន់ផ្ទុះ ទាំង២៦នាក់មកពីប្រទេសអ៊ីរ៉ាក់នេះ មកហ្វឹកហ្វឺន EOD កំរិត៣ លើជំនាញកំទេចគ្រឿងផ្ទុះ ជាមួយអង្គភាពស៊ីម៉ាក់ ដែលអ្នកជំនាញអ៊ីរ៉ាក់ទាំងនោះ មកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងសកម្មភាពមីន របស់រដ្ឋាភិបាលអ៊ីរ៉ាក់។

អគ្គនាយកស៊ីម៉ាក់ រូបនេះ បានបន្ថែមទៀតថា មន្ត្រីជំនាញនេះ មានបច្ចេកទេសកំរិតខ្ពស់ ក្នុងការងារដោះបន្សាបគ្រាប់ និងអាវុធជាតិផ្ទុះ៕