(សៀមរាប)៖ មន្រ្តីកាំកុងត្រូលខេត្តសៀមរាបដែលមានលោក ព្រៅ ខេមរិទ្ធ ជាប្រធានសាខា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញ ដែលជាផលិផលម្ហូបអាហារ នៅក្នុងស្រុកប្រាសាទបាគង។

លោក ព្រៅ ខេមរិទ្ធ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០សីហានេះ មន្រ្តីជំនាញកាំកុងត្រូលរបស់លោក បានចុះធ្វើការផ្សព្វផ្សាយអប់រំ អំពីគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងម្ហូបអាហារ ដល់សិស្ស បឋមសិក្សាកំពង់ភ្លុក ដែលស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយមានការចូលរួមពីលោកនាយកសាលា នាយករង ក្រុមព្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ អាជីវករ និងសិស្សានុសិស្ស ជាង៤០០នាក់។

នៅក្នុងឱកាសនោះក្រុមកាងារជំនាញ បានធ្វើបទបង្ហាញ អំពីការជ្រើសរើសផលិតផល យកមកបរិភោគ ដែលមានគុណភាព សុវត្ថិភាព និងអនាម័យ ដែលមានដាក់តាំងលក់ នៅតាមសាលាដូចជា ÷
*ការបង្រៀនឲ្យចេះមើលផ្ទាល់ ដោយភាពឆ្លាតវ៉ៃ(ថ្មីៗ ឬយូរថ្ងៃ)
*ការមើលទៅលើស្លាកសញ្ញា
*ការមើលថ្ងៃ ខែ លើផលិតផល
*មិនគួរជ្រើសផលិផលណា ដែលគ្មានស្លាកសញ្ញា ថ្ងៃខែផលិត និងផុតកំណត់
*កុំជ្រើសផលិផលកំប៉ុងណា ដែលមានច្រេសស៊ី កំប៉ោងកំពិត
*សូមអោយអ្នកផលិតទាំងអស់ កុំប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិផលរបស់ខ្លួន ដែលនាំអោយប៉ះពាល់ដល់សុខភាព។

លោកប្រធានសាខាបានឲ្យដឹងថា ចំណែកនៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារបានសហការ ជាមួយម្ចាស់ផ្សាររលួស ដែលមានទីតាំងស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ដោយសកម្មភាពនេះ ក្រុមការងាររបស់លោកបានធ្វើតេស្តបឋម ដើម្បីរកសាធាតុគីមីមួយចំនួន ទៅលើផលិតផល ដែលដាក់តាំងលក់នៅក្នុងផ្សារបានចំនួន ៩មុខមានដូចជា៖ សាច់ក្រក ២គំរូ, ប្រហុកត្រី, ស្ពៃជ្រក់, សណ្ដែកបណ្ដុះ, នំបញ្ចុក, ខ្ញីហាន់, គល់ស្លឹកគ្រៃ, ប្រហិតត្រី ។

ដោយក្នុងប្រតិបត្តិការចុះអង្កេតផ្សារនេះ ជាលទ្ធផលយើងពុំបានរកឃើញ សារធាតុគីមីណាក្នុងផលិតផលទាំងនោះឡើយ។ ក្រុមការងារបានបន្ដឆែកទៅលើ ផលិតផលវេចខ្ចប់ ដែលដាក់តាំងលក់នៅតាមតូប ដើម្បីមើលកាលផុតកំណត់ប្រើប្រាស់ កំប៉ុងកំពិត ច្រែសស៊ីជាដើម នឹងបានបន្តចែកជូន Poster ដល់អាជីវករ និងសិស្សក្នុងសាលាផងដែរ ។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕