(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានយកអំណោយដោយផ្ទាល់ដៃ ទៅប្រគល់ជូនបេក្ខជនប្រឡងបាក់ឌុបពីរនាក់ ដែលត្រូវគេបានចាកចេញក្នុងបណ្ដាញសង្គមថា មានជីវភាពក្រីក្រលំបាក ហើយម្ដាយកំពុងមានជំងឺ ដើម្បីត្រៀមវះកាត់។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំង២រូប ត្រូវខិតខំប្រឹងប្រែងប្រឡងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ និងពិន្ទុល្អ ក្នុងការប្រឡងបាក់ឌុប និងដើម្បីអាចបន្ដការសិក្សានៅថ្នាក់ឧត្តមសិក្សា។

សិស្សក្រីក្រទាំង២នាក់នេះ ទី១៖ ឈ្មោះ យេត សុខខេន រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្ទឹងត្រង់ និងទី២៖ ឈ្មោះ វេត ស្រីអ៊ាង រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្រុកស្ទឹងត្រង់។ បច្ចុប្បន្នសិស្សទាំង០២នាក់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម។

នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម យកថវិកាប្រគល់ជូនបេក្ខជនប្រឡងបាក់ឌុប២នាក់ នៅមណ្ឌលឧត្តរ ខេត្តកំពង់ចាម ដែលមានជីវភាពក្រីក្រផងដែរ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានបេក្ខជនប្រឡង២នាក់ មានជីវភាពក្រីក្រ ហើយម្ដាយកំពុងឈឺត្រៀមវះកាត់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ឲ្យលោកយកថវិកា និងអំណោយមួយចំនួនប្រគល់ជូន ដើម្បីដោះស្រាយជីវភាព។

សូមរំលឹកថា រូបថតរបស់បេក្ខជនពីរនាក់ ត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមជាមួយក្ដីអាណិតអាសូរ ដោយសារតែបេក្ខជនរូបនោះ មកប្រឡងបាក់ឌុប នៅមណ្ឌលឧត្ដរ ខេត្តកំពង់ចាម ប៉ុន្ដែគ្មានលុយសម្រាប់ទិញបាយហូបនោះឡើយ ដោយសារតែជីវភាពក្រីក្រ ហើយម្ដាយកំពុងសម្រាកព្យាបាលជំងឺ នៅពេទ្យដើម្បីត្រៀមវះកាត់ទៀតផង។

បេក្ខជនរូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ដល់កម្លាំងចិត្តយ៉ាងច្រើនជាបន្ដបន្ទាប់ ពិសេសមហាជន ក៏បានអរគុណដល់ទឹកចិត្ត មន្ដ្រីនគរបាលពាក់ផ្កាយមួយម្នាក់ ដែលគេស្គាល់ថា ជាប្រធានសន្ដិសុខមណ្ឌលឧត្តរ ដែលបានផ្ដល់ថវិកាមួយចំនួនដល់បេក្ខជនរូបនោះ សម្រាប់ទិញបាយហូប នៅពេលមកប្រឡងបាក់ឌុប។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា បេក្ខជនខាងលើមានឈ្មោះអ្វីនោះទេ ហើយមានផ្ទះនៅទីតាំងនោះដែរ ប៉ុន្ដែមន្ដ្រីនគរបាល ដែលផ្ដល់ថវិកាដល់បេក្ខជននោះ សម្រាប់ទិញបាយហូប ត្រូវបានគេស្គាល់ថា ជាស្នងការរងទទួលផែនអន្ដោប្រវេសន៍ ខេត្តកំពង់ចាម ឈ្មោះឧត្តមសេនីយ៍ត្រី សិត សិលា។

សូមបញ្ជាក់ថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល៕