(សៀមរាប)៖ គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអត្ថបទស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណនាសម័យអង្គរ ពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅប្រែសម្រួល និងបោះពុម្ពសម្រាប់បង្រៀនសិស្សជនជាតិជប៉ុន។

អត្ថបទដែលគ្រឹះស្ថាន TAISHUKAN ស្នើយកទៅបកប្រែ និងបោះពុម្ពនោះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរី នៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌ និងការអភិវឌ្ឍឆ្លងព្រំដែន»

កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ គ្រឹះស្ថានអប់រំជប៉ុន TAISHUKAN បានស្នើមកកាន់សហប្រធាននៃគម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ ដែលមានលោក Surat Lertlum សហនិពន្ធភាគីថៃ និងលោក អ៊ឹម សុខរិទ្ធី សហនិពន្ធភាគីអាជ្ញាធរជាតិអប្សរា ដើម្បីសុំសិទ្ធិយកអត្ថបទស្រាវជ្រាវផ្លូវបុរាណសម័យអង្គរទៅបកប្រែ និងបោះពុម្ពជាភាសាជប៉ុន ដើម្បីបង្រៀនសិស្សថ្នាក់វិទ្យាល័យ។

សំណើដែរនេះ ទទួលបានការយល់ព្រមពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជំរុញឲ្យមានផ្សព្វផ្សាយការអប់រំឲ្យកាន់តែទូលំទូលាយផងដែរ។

គួររំលឹកទ្បើងវិញថា គម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៥ ដែលជាគម្រោងស្រាវជ្រាវឆ្លងប្រទេស។

ក្នុងគម្រោងនេះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមជាច្រើនពីបណ្ដាញគមនាគមន៍សម័យអង្គរ ដែលមានវិសាលភាពធំធេង ជាបណ្ដាញគមនាគមន៍ភ្ជាប់ពីអង្គរទៅភិមាយ និងរហូតដល់ឈូងសមុទ្រចិន។ ជាមួយនោះ ការស្រាវជ្រាវក៏ប្រទះឃើញស្លាកស្នាមនៃសាលាដំណាក់ ស្ពានបុរាណជាច្រើនកន្លែងទៀត តាមបណ្ដោយផ្លូវនេះផងដែរ។

ឯកសារនេះត្រូវបានយកមកបង្រៀនកូនសិស្ស ក្នុងគម្រោងអប់រំបេតិកភណ្ឌតាមបណ្ដាខេត្តមួយចំនួន តាំងពីឆ្នាំ២០០៧មក ដូចជានៅបន្ទាយឆ្មារ សៀមរាប និងរហូតដល់តំបន់សំបូរព្រៃគុក៕