(ត្បូងឃ្មុំ)៖ ក្រោយទទួលដំណឹងថាមានសិស្សម្នាក់បានជួបបញ្ហាសុខភាព ក្នុងពេលប្រឡងសញ្ញាបត្របាក់ឌុប នាថ្ងៃទី១៩ ខែសីហានេះ រហូតដល់ត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិកមួយកន្លែងនៅក្រុងសួងរួចមក លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលក្រុងសួង បានចុះសួរសុខទុក្ខជួយយកអាសាភ្លាមៗ។

នាពេលចុះសួរសុខទុក្ខនោះ លោក ហាក់ សុខមករា បានសាកសួរពីបញ្ហាសុខភាពរបស់សិស្សខាងលើ ព្រមទាំងបានរាប់ចេញថ្លៃព្យាបាលទាំងអស់ ក្នុងពេលសម្រាកព្យាបាលក្នុងគ្លីនិកមួយកន្លែងនៅក្នុងក្រុងសួង។

ជាមួយគ្នានេះលោកអភិបាលរងខេត្តក៏បានសួរសុខទុក្ខក្រុមសិស្សដែលមកសំរាកនៅផ្ទះសំណាក់ នាក្រុងសួងផងដែរ និងលើកទឹកចិត្តអោយខិតខំប្រឡង សម្រាប់ថ្ងៃទី២ ស្អែកនេះ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។

ពាក់ព័ន្ធនឹងដំណើរការប្រលងមធ្យមសិក្សាទុតិយភូមិ ប្រចាំថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំទៀតសោត គឺបានប្រព្រឹត្តទៅល្អធម្មតា ក្នុងនោះមណ្ឌលប្រលងនៅទូទាំងខេត្តត្បូងឃ្មុំមានចំនួន ៧មណ្ឌល ស្មើនឹង ១៧០បន្ទប់ និងមានបេក្ខជនសរុប ៤,២១១នាក់ ស្រី ២,២៩៨នាក់ ក្នុងនោះអវត្តមាន ៤៨នាក់ ស្រី ១៣នាក់។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់តាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិទាំង៧មណ្ឌល យ៉ាងល្អប្រសើរ។

សូមជម្រាបថា នៅថ្ងៃទី១នៃការប្រឡងទូទាំងប្រទេសនេះ បេក្ខជនប្រឡងសរុបមានចំនួន ១១៧,០៤៣នាក់ ស្រី ៦០,៤២៧នាក់ និងបេក្ខជនអវត្តមានសរុបចំនួន ១,៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨នាក់។

បេក្ខជនមានបញ្ហាសុខភាពមានចំនួន ៤៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម មានតែបេក្ខជន១រូបប៉ុណ្ណោះ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលមិនអាចបន្តការប្រឡងបាន៕