(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ សម្រាប់ថ្ងៃដំបូង ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ចប់ហើយ ដោយដំណើរការក្នុងស្ថានភាពរលូន និងស្ងប់ស្ងាត់ល្អ។

បន្ទាប់ពីបានប្រឡងពេញ១ថ្ងៃនេះ បេក្ខជនប្រឡង បានសម្ដែងនូវពេញចិត្ត ចំពោះកំណែទម្រង់រឹតបន្តឹងដ៏តឹងរឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បើទោះបីជាគ្មានអ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើរលួយ (ACU) ចូលរួមសង្កេតការណ៍ក៏ដោយ ដំណើរការប្រឡង នៅតែមានភាពល្អប្រសើរ។

និយាយចេញដោយទឹកមុខ ជឿជាក់ និងពោរពេញដោយស្នាមញញឹម បេក្ខជនមួយរូប បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរ ចំពោះកំណែទម្រង់របស់ក្រសួងអប់រំ ដោយបាននិយាយថា ការធ្វើការធ្វើកំណែទម្រង់ របស់ក្រសួងអប់រំល្អ ព្រោះវាឲ្យតម្លៃលើអ្នកខិតខំរៀន និងទទួលបានយុត្ដិធម៌ កុំឲ្យអ្នកអត់រៀនចេះតែជាប់។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។

បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

ក្នុងនោះ ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រង ការប្រឡងនេះ សរុប ១៧,៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់៕