(ភ្នំពេញ)៖ នាថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង ក្នុងតំបន់អង្គរ ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត អាជ្ញាធរជាតិអប្សរា ក្រោមការសហការរៀបចំរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ជាមួយមហោស្រពអូពេរ៉ា Mozard at Angkor។

ព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ នឹងមានការចូលរួមដោយសិល្បករ-សិល្បការិនីមកពីជុំវិញពិភពលោក និងការចូលរួមរបស់ក្រុមសិល្បៈកម្ពុជាសរុបប្រមាណជាង ៧០នាក់ ដែលរៀបចំនៅក្នុងទម្រង់ជាការសម្ដែងទស្សនីយភាព Mozart។

ដើម្បីស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ប្រធានដឹកនាំរៀបចំការសម្ដែងមហោស្រពអូពេរ៉ា Mozard at Angkor លោក Aaron Carpene បានចូលជួបសម្ដែងការគោសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីរាយការណ៍នូវគម្រោងរៀបចំព្រឹត្តិការណ៍សម្តែងទស្សនីយភាព មហោស្រពអូពេរ៉ាអន្តរជាតិនេះ។

លោក ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរៀបចំព្រឹត្តិការណ៍នេះ ពីព្រោះវាក៏ស្របពេលដែលក្រសួងទេសចរណ៍ កំពុងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ តំបន់ខេត្តសៀមរាប-អង្គរ ទៅកាន់ពិភពលោកបន្ថែមទៀត។

លោករដ្ឋមន្ត្រីជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ជួយផ្សព្វផ្សាយដល់សម្បត្តិវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប អច្ឆរិយភាពនៃអង្គរ និងគោលដៅ ទេសចរណ៍សៀមរាបអង្គរដល់ទេសចរអន្តរជាតិ ពិសេសទេសចរអឺរ៉ុប បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍កីឡា រួមមាន៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម។

ម៉្យាងវិញទៀត ទស្សនីយភាពមហោស្រពអូពេរ៉ាអន្តរជាតិ Mozard at Angkor ខាងលើ ជាបុរេព្រឹត្តិការដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងអឺរ៉ុប ដែលនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជាមានមោទនភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM 2020)។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមថា កន្លងមក ក្រសួងទេសចរណ៍ ធ្លាប់សហការរៀបចំកម្មវិធីសម្តែងសិល្បៈអន្តរជាតិជាច្រើនមកហើយដែរ ដូចជា José Carera នៅឆ្នាំ២០០២ Ramayana, Trail of Civilization និងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិរួមគ្នាជាមួយឥណ្ឌា ចិន កូរ៉េ អាស៊ាន។

ក្រសួងទេសចរណ៍ នឹងស្នើសុំទៅរាជរដ្ឋាភិបាល សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី រៀបចំក្រុមការងារអន្តរក្រសួងដើម្បីជួយសម្រមសម្រួល សហការរៀបចំកម្មវិធីខាងលើឱ្យបានរលូន និងទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រីបានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដែលនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ថ្មីមួយ បង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសអឺរ៉ុបបន្ថែមទៀត។

ដើម្បីឱ្យកម្មវិធីខាងលើនេះទទួលបានជោគជ័យ ក្រុមការងាររៀបចំបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការជួយរៀបចំ និងផ្សព្វផ្សាយកម្មវិធីខាងលើទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនការសម្ដែងនៅថ្ងៃបន្តបន្ទាប់៕