(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនេះ លោក ថោង ខុន បានសម្តែងនូវការនឹករលឹក និងថ្លែងអំណរគុណចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជារៀមច្បង និងឥស្សរជនមួយរូបដែលមួយជីវិតរបស់លោក បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយពុំខ្លាចនឿយហត់។

លោករដ្ឋមន្ត្រីក៏បានជូនពរលោកតា ប៊ូ ថង សូមឱ្យមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

លោកតា ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ថោង ខុន និងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខរូបលោក ដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត និងការគោរពស្រឡាញ់គ្នាទៅវិញទៅមក៕