(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានពិនិត្យឃើញសកម្មភាពល្មើសច្បាប់របស់បុគ្គលឈ្មោះ ឈិត សុឌាំង (កាន់អត្តសញ្ញានបណ្ណលេខ ១៨០៩២៧៥៩៣) ដែលបានចាក់ដីធ្វើផ្លូវរំលោកចូលមាត់ត្រពាំង ព្រមទាំងរៀបឥដ្ឋធ្វើគ្រឹះ និងដាំបង្គោលរបងព័ទ្ធជុំវិញទួលបុរាណ ដែលនៅក្បែរត្រពាំងនោះថែមទៀតផង ដោយបានចាត់ថា ជាអំពើល្មើសច្បាប់ មិនអាចបណ្ដោយឱ្យបន្តធ្វើសកម្មភាពទៀតជាដាច់ខាត។

តាមលិខិតរបស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ត្រពាំងហែផ្កា និងទួលហែផ្កាខាងលើ ជាទីបុរាណដ្ឋានមួយនៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរ មានទីតាំងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះក៏មានថ្មបុរាណ និងស្នាកស្នាមរបស់បុព្វបុរសនៅសេសសល់ខ្លះផងដែរ។

អាជ្ញាធរជាតិអប្សរា បានប្រកាសយ៉ាងដាច់អហង្កាដាក់កំហិតឱ្យឈ្មោះ ឈិត សុឌាំង ត្រូវបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ ព្រមទាំងត្រូវកើបដីចេញពីត្រពាំង ដែលខ្លួនបានចាក់នោះឱ្យដូចដើមវិញ។ ចំពោះបង្គោលរបង និងសំណង់ឥដ្ឋដែលរៀបហើយនោះ ត្រូវរួសរើសប្រមូលចេញទាំងអស់ឱ្យដូចសភាពដើមវិញដែរ បើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ វិធានការច្បាប់ដ៏តឹងរឹងនឹងត្រូវអនុវត្តលើបុគ្គលរូបនេះជាក់ជាមិនខាន ពីព្រោះវាជាអំពើល្មើសទៅនឹងច្បាប់ស្តីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌។

តាមប្រភពមួយចំនួនបានឱ្យដឹងថា បុគ្គលឈ្មោះ ឈិត សុឌាំង នេះ គឺជាថៅកែដីឡូត៍នៅភូមិបុស្សក្រឡាញ់នោះតែម្ដង។ តាមការបញ្ជាក់របស់ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា លោកមិនជាប់ពាក់ព័ន្ធនឹងរឿងវាយត្រាឲ្យឱ្យបុគ្គលរូបនេះ ប្រព្រឹត្តរំលោភយកដីទួលបុរាណមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក រដ្ឋា ប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ដែរថា កាលពី២សប្តាហ៍មុន លោកបានចេញលិខិតបញ្ជូនទៅឲ្យសាមីខ្លួន ឱ្យបញ្ឈប់សកម្មភាពរំលោភយកទីបុរាណនោះហើយ ដោយបង្គាប់ឱ្យសាមីខ្លួនវាយសំណង់ដែលបានសាងសង់នោះចោលទាំងអស់ ធ្វើយ៉ាងណាឲ្យដូចសភាពដើមវិញ។

អាជ្ញាធរជាតិអប្សរា បានរំឭកឱ្យដឹងថា ខ្លួនមានតួនាទីថែរក្សាការពារ និងអភិរក្សទុកជាសម្បត្តិបេតិកភណ្ឌជាតិ ដូច្នេះរាល់សកម្មភាពចាក់ដីសាងសង់ឈូសឆាយ កាស់កកាយ ដែលបណ្តាលឲ្យប៉ះពាល់ដល់បុរាណដ្ឋានទាំងនោះ ដោយគ្មានការអនុញ្ញាត គឺជាបទល្មើសបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌៕