(ព្រះវិហារ)៖ ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាកសិករ ដែលបានជួបប្រទះនូវគ្រោះរាំងស្ងួត បណ្តាលឱ្យខូចខាតដំណាំស្រូវនោះ នៅព្រឹកថ្ងៃទី១៩ខែ សីហា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បាននាំស្រូវពូជចំនួន ៥តោន យកទៅចែកជូនប្រជាកសិករចំនួន ២០០គ្រួសារ នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីចែកស្រូវពូជនេះ បានធ្វើឡើងក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចស្រុកគូលែន ជាច្រើនរូបផងដែរ។

លោក ពឹង ទ្រីដា បានឱ្យដឹងថា ស្រូវពូជដែលយកមកចែកជូនប្រជាកសិករនៅពេលនេះ គឺបានមកដោយមានការគាំទ្រ ដោយកម្មវិធីប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការគ្រោះមហន្តរាយខេត្តព្រះវិហារ ហើយស្រូវពូជនេះ ជាប្រភេទពូជស្រូវស្រាលមិនប្រកាន់រដូវ (ពូជស្រូវសែនក្រអូប)។

លោក ពឹង ទ្រីដា ក៏បានសំដែងនូវការចូលរួមសោកស្តាយ ចំពោះបងប្អូនប្រជាកសិករយើង ដែលបានជួបប្រទះនូវគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យខូចខាតដំណាំស្រូវ។ លោកថា ដើម្បីជួយសម្រាលនូវការខ្វះខាត ដល់បងប្អូនប្រជាកសិករ សម្រាប់រកថវិកាមកទិញស្រូវពូជ យកមកបង្ករបង្កើនផលម្តងទៀតនោះ មន្ទីរកសិកម្មខេត្តរួមនឹងអាជ្ញាធរមូលដ្ឋានបានធ្វើការចុះចែកស្រូវពូជ ជូនប្រជាកសិករយើងដោយឥតគិតថ្លៃ។

ប្រធានមន្ទីរ បានគូសបញ្ជាក់ថា ស្រូវពូជដែលនាំយកមកចែកជូនប្រជាកសិករនៅពេលនេះ គឺមានចំនួន៥តោន សម្រាប់ចែកជូនប្រជាកសិករ២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ២៥គីឡូក្រាម។ ជាមួយគ្នានោះលោកក៏បានណែនាំឱ្យប្រជាកសិករយើង ត្រូវយកពូជស្រូវដែលទទួលបានថ្ងៃនេះ ទៅសាបព្រួសដកស្ទូងទាន់ពេលវេលា ព្រោះរដូវនេះ ជារដូវវស្សាមានទឹកគ្រប់គ្រាន់៕